តើព្រះច័ន្ទអាចមានព្រះច័ន្ទថែមមួយតង់ទៀតដែរឬទេ? តោះស្វែងយល់បន្ថែម…
(អាមេរិក)៖ ភពភាគច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យសុទ្ធតែមានព្រះច័ន្ទ វិលជុំវិញពួកវា ហើយសូម្បីតែអាចម៍ផ្កាយខ្លះក៏មានព្រះច័ន្ទរបស់ពួកវាផងដែរ ដូច្នេះហើយមានការងឿងឆ្ងល់ថា តើព្រះច័ន្ទផ្ទាល់អាចមានព្រះច័ន្ទផ្ទាល់ខ្លួនពួកវាដែរ ឬអត់ ដែលអាចហៅថា «Submoon» នោះ?
មកទល់ពេលនេះពុំមាន Submoon ណាមួយត្រូវបានរកឃើញថា មានវត្តមាននៅវិលជុំវិញព្រះច័ន្ទទាំងឡាយ ដែលអ្នកវិទ្យាសាស្រ្តចាត់ទុកថា អាចទ្រទ្រង់ពួកវាឡើយ ដូចជាព្រះច័ន្ទ Callisto របស់ភពព្រហស្បតិ៍ (Jupiter), ព្រះច័ន្ទ Titan និង Iapetus របស់ភពសៅរ៍ (Saturn) ព្រមទាំងព្រះច័ន្ទរបស់ផែនដីផ្ទាល់ជាដើម។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បើតាមទ្រឹស្តីមានតែព្រះច័ន្ទធំៗនិងនៅស្ថិតក្នុងគន្លងគោចរដែលទូលាយៗប៉ុណ្ណោះ ពីភពមេរបស់ពួកវា ដែលនឹងមានផ្ទុក Submoon បាន។ ជាធម្មតា Submoon នានា ដែលគោចរជុំវិញព្រះច័ន្ទតូចជាង និងកៀកភពមេរបស់ពួកវា នឹងបង្កឲ្យគន្លងគោចររបស់ Submoon ទាំងនោះ មានអស្ថិរភាពដោយសារតែកម្លាំងទំនាញ Tidal Force។
ព្រះច័ន្ទធំៗដូចជា Callisto, Titan, Iapetus, និងព្រះច័ន្ទផែនដី សុទ្ធតែមានលទ្ធភាពផ្ទុក Submoon បើយោងទៅលើទ្រឹស្តី ប៉ុន្តែហេតុអ្វីបានជាពួកវាអត់មានទៅវិញ។ អ្នកវិទ្យាសាស្រ្តយល់ថា ប្រហែលមកពីអាចមានកត្តាបង្កអស្ថិរភាពដទៃទៀត ដោយវាអាចទាក់ទងទៅនឹងការកកើតនៃព្រះច័ន្ទទាំងនេះ។
គួរជម្រាបថា ព្រះច័ន្ទរបស់យើងកើតចេញការប៉ះទង្គិចគ្នារវាងផែនដី និងភពធំមួយកាលពីរាប់ពាន់លានឆ្នាំមុន ខណៈព្រះច័ន្ទរបស់ Jupiter និង Saturn ជាដើមកើតមានចេញបណ្តុំឧស្ម័ និងធូលីអវកាស ដែលផ្តល់កំណើតឲ្យភពទាំងនេះ។ និយាយរួមទៅគឺអាចមានកត្តាជាច្រើន ដែលធ្វើឲ្យគន្លងគោចររបស់ Submoon ពុំមានស្ថិរភាព ហើយទោះបីជាការសន្និដ្ឋាននេះពិត ឬមិនពិតក៏ដោយ អ្នកវិទ្យាសាស្រ្តប្រហែលជាត្រូវរង់ចាំរបកគំហើញនៃវត្តមានព្រះច័ន្ទនៅជុំវិញភពអេលៀន (Exoplanet) ទើបអាចស្វែងយល់បន្តទៀតបាន។
ដោយឡែកព្រះច័ន្ទគឺពិបាកនឹងស្វែងរកឆ្ងាយជាងភព ហើយមកទល់ពេលនេះមានបេក្ខភាពព្រះច័ន្ទតែមួយប៉ុណ្ណោះ ដែលគេរកឃើញនៅក្រៅប្រព័ន្ធព្រះអាទិត្យគឺ វានៅជុំវិញភពមួយឈ្មោះ Kepler-1625b និងមានទំហំប៉ុនភពណិបទូន។ បេក្ខភាពព្រះច័ន្ទអេលៀននេះ មានទំហំធំ និងគន្លងគោចរឆ្ងាយគ្រប់គ្រាន់ពីភពមេរបស់វា ដូច្នេះហើយបើតាមទ្រឹស្តីវាអាចទ្រទ្រង់ Submoon បាន ប៉ុន្តែជាដំបូងអ្នកវិទ្យាសាស្រ្តត្រូវផ្ទៀតផ្ទាត់មើលសិនថា ព្រះច័ន្ទនេះមានវត្តមានពិតមែន ឬអត់ មុនរុករក Submmon ដែលអាចនៅជុំវិញវា៕
ប្រភព៖ EarthSky.com (២៨ មករា ២០១៩)

