ហេតុអ្វីបរិយាកាស​ព្រះច័ន្ទ Titan ក្រាស់ជាងផែនដី​រហូត​ដល់​៥០%? ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​ធ្វើការ​សន្និដ្ឋាន…

154

(អាមេរិក)៖ កំហាប់បរិយាកាស​ដ៏ក្រាស់នៃ​ព្រះច័ន្ទ​ធំ​ជាង​បំផុតរបស់​ភពសៅរ៍ (Saturn) «Titan» ប្រហែលជាកកើត​ឡើងចេញពី​​​កម្តៅ ​នៃ​រូបធាតុ​សរីរាង្គដែលស្ថិត​នៅស្រទាប់​ផ្នែកខាងក្នុង​​របស់វា។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី​វែបសាយ Space.com នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

ព្រះច័ន្ទ Titan បានទាក់ទាញ​ពីចាប់អារម្មណ៍​​​​អ្នក​វិទ្យាសាស្រ្ត ដោយសារតែ​ស្រទាប់​បរិយាកាស​ក្រាស់ ដែល​ភាគ​ច្រើន​ផ្សំ​​ឡើង​​ដោយ​ឧស្ម័ន​អាសូត ព្រមទាំង​សមុទ្រមេតាន និងអេតាន​​របស់វា។ បរិយាកាស​របស់​ Titan មានកម្រាស់​ក្រាស់​ជាងបរិយា​កាសរបស់ផែនដីរហូតដល់ទៅ ៥០% និងជាវត្ថុអវកាសតែ​មួយគត់ក្នុងប្រព័ន្ធអាទិត្យ ដែលមានបរិមាណ​សារធាតុរាវច្រើន​នៅលើផ្ទៃរបស់វា​ ក្រៅ​ពី​ភព​របស់យើង។

ទម្រង់ម៉ូលេគុល​ស្មុគស្មាញនៅលើ Titan រួមមានទាំង​​រូបធាតុសរីរាង្គ ដែលជាមានផ្ទុកវត្តមាន​កាបូននោះ ធ្វើឲ្យ​វាគឺជាទីតាំង​ដ៏​ល្អ​មួយដែលជីវិត​មានលទ្ធភាពអភិវឌ្ឍន៍ខ្លួន​បាន។ ដោយសារ​តែ Titan គឺជាព្រះច័ន្ទ​តែមួយគត់ក្នុង​ប្រព័ន្ធព្រះអាទិត្យ ដែលមាន​​បរិយាកាស​ក្រាស់ អ្នកវិទ្យាសាស្រ្ត​បានកើតមានចម្ងល់​តាំងពីយូរមកហើយថា តើអ្វីទៅជា​ប្រភព​នៃបរិយាកាសរបស់វា។

ទ្រឹស្តីចម្បង​ទាក់ទងនឹងប្រភពនៃ​បរិយាកាស Titan គឺជាទឹកកក​អាម៉ូញាក់​ពីផ្កាយដុះកន្ទុយ​ត្រូវបានបម្លែង​ តាមរយៈការ​ប៉ះ​​ទង្គិច​​ដោយផ្ទាល់ ឬ​ក៏តាមប្រតិកម្ម​សំយោគ Photochemistry ពីចម្ងាយ​ទៅជាអាសូត ដែលបង្កើតចេញ​ជាបរិយាកាស​របស់​ព្រះច័ន្ទ​ធំ​នេះ។ យ៉ាងណាមិញ ទ្រឹស្តីនេះបាន​មើលរំលងឥទ្ធិពល​នៃ​​រូបធាតុ​សរីរាង្គ​ស្មុគស្មាញ ដែលមានវត្តមាន​មួយផ្នែកធំក្នុង​ផ្កាយ​​ដុះ​កន្ទុយ។

សមាស​ធាតុ​ផ្សំនៃបរិយាកាស Titan គឺមិនដូចទៅនឹង​ប្រភេទ​អាសូត​ និង​រូបធាតុដទៃ​ទៀត​នៅក្នុង​ផ្កាយ​ដុះកន្ទុយ​ឡើយ។ ម៉្យាង​វិញ​ទៀត​ ០៥ភាគរយ​នៃបរិយាកាស Titan ផ្សំឡើងពីមេតាន​បានបង្កជាសំណួរផ្សេង​មួយទៀតថា វានឹង​ប្រែ​ក្លាយ​ជាសរីរាង្គ​​ភ្លាមៗ ហើយធ្លាក់ចុះ​ទៅក្រោមវិញ ដូច្នេះហើយតើ​ស្រទាប់បរិយាកាស​របស់ Titan បំពេញខ្លួនវា​ឡើងវិញបាន​​យ៉ាង​ដូចម្តេច។

​តាមរយៈការវិភាគ​លើ​ទិន្នន័យដែលប្រមូល​បានពីយានអវកាស Rosetta អំពី​ផ្កាយ​ដុះកន្ទុយ 67P/Churyumov-Gerasimenko ​​​បានឲ្យដឹងថា​ ពាក់កណ្តាលខ្លួន​នៃផ្កាយដុះកន្ទុយនេះ​ជាទឹកកក និងមួយភាគបួន​ជា​ថ្ម និងមួយភាគបួន​ជា​រូបធាតុ​សរីរាង្គ។ រូប​ធាតុ​ទាំងនេះ​ដែល​មានវត្តមានក្នុងសម័យកាល​ដំបូងនៃ​ប្រព័ន្ធព្រះអាទិត្យ ប្រហែល​បានជួយបង្កើត Titan ឡើង។ ផ្កាយដុះកន្ទុយ និងវត្ថុចំណាស់ៗនៅជាយប្រព័ន្ធ​ព្រះអាទិត្យ ពិតជាគួរឲ្យចាប់​អារម្មណ៍ខ្លាំង ដោយសារតែពួក​វាត្រូវគេជឿថា ​ជា​សំណល់បន្សល់ទុកពីការចាប់កំណើតនៃ​​ប្រព័ន្ធ​ព្រះអាទិត្យ។ វត្ថុតូចៗ​ទាំងនេះ​អាច​រួមបញ្ចូល​ទៅក្នុងវត្ថុដែលធំ​ជាងពួកវា ដូច​​ជា​ព្រះច័ន្ទ Titan ជាដើម ហើយ​រូបធាតុ​ថ្មសម្បូរដោយ​សរីរាង្គទាំងនេះ ប្រហែលជាអាចរក​ឃើញ​​នៅក្នុង​ស្នូលរបស់វា។

ដូច្នេះហើយ ប្រសិនប្រភេទ​រូបធាតុសរីរាង្គទាំងនេះ ដែលមានវត្តមាន​នៅក្នុងផ្កាយដុះកន្ទុយ មានវត្តមាន​នៅក្នុងស្នូលរបស់ Titan ដែរនោះ ពួកវាអាចផលិត​ជាឧស្ម័នស្រដៀង​នឹងបរិយាកាសរបស់វា​ដូចសព្វ​ថ្ងៃនេះ៕

480×240 Banner