អស្ចារ្យ! Hubble ផ្តិតរូបភាពជ្រៅបំផុតនៃចក្រវាឡ ដែលមួយសន្លឹកមានផ្ទុកកាឡាក់ស៊ី ជាងមួយម៉ឺនឯណោះ (រូបភាពខាងក្នុង)
(អាមេរិក)៖ រូបភាពមួយក្នុងចំណោមរូបភាពល្បីៗបំផុត ដែលជាស្នាដៃរបស់កែវយឺតអវកាស Hubble ទំនងជាបានឆ្លុះទម្លុះយ៉ាងជ្រៅទៅក្នុងទីអវកាស ជាងអ្វីដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប៉ាន់ស្មានទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
រូបភាពខាងលើហៅថា Hubble Ultra-Deeo Field (HUDF) ដែលជាការរួមបញ្ចូលគ្នារវាងរូបភាពរាប់រយសន្លឹក ថតបានដោយកែវយឺតអវកាស Hubble ក្នុងអំឡុងពេលជាច្រើនឆ្នាំ នៃការឆ្លុះទម្លុះទៅមើលក្នុងទីអវកាស។ បើតាមការប៉ាន់ស្មានរបស់ក្រុមតារាវិទូអន្តរជាតិ ក្នុងរូបភាពនេះមានផ្ទុកកាឡាក់ស៊ីប្រហែលជាង ១០,០០០ ខណៈវាបង្ហាញពីផ្ទៃមេឃតែមួយផ្នែកតូចប៉ុណ្ណោះ។
ដោយឡែកនាពេលនេះ ក្រោយពីបានបង្កើនគុណភាព និងត្រួតពិនិត្យរូបភាពល្បីនេះសាជាថ្មីឡើងវិញ ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញពន្លឺជាច្រើនថែមទៀត។ កិច្ចការងារថ្មីនេះបានបង្ហាញថា កាឡាក់ស៊ីមួយចំនួននៅក្នុងរូបភាព HUDF គឺស្ទើរតែធំជាងការធ្លាប់ប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្រ្ត ដល់ទៅទ្វេដងឯណោះ។
គួរជម្រាបថា កែវយឺតអវកាស Hubble ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងគោចររបស់ផែនដី កាលពីខែមេសា ឆ្នាំ១៩៩០ តាមរយៈអវកាស Discovery របស់អង្គការ NASA ហើយបើគិតមកទល់នឹងពេលនេះ គឺវាមានអាយុកាលជិតគ្រប់ ៣០ឆ្នាំហើយ និងធ្លាប់ត្រូវបានជួសជុលអស់ជាច្រើនដងផងដែរ៕

