ជប៉ុនរកឃើញវត្ថុអវកាសឆ្ងាយបំផុតថ្មី ស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យ និងកំពុងធ្វើការបញ្ជាក់វត្តមានច្បាស់លាស់របស់វា
(ជប៉ុន)៖ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន ទំនងជាបានប្រទះឃើញថ្មអវកាសមួយដុំ មានទំហំមុខកាត់ជាងមួយគីឡូម៉ែត្រ នៅឯចុងប្រព័ន្ធព្រះអាទិត្យ ដែលរឿងកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីតារាវិទូប្រចាំនៅកោះហាវ៉ៃ បានរកឃើញ Farout និងប្រកាសឲ្យវាក្លាយជាវត្ថុអវកាស នៅចុងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ក្រុមអ្នកវិទ្យាសាស្រ្តខាងលើប្រហែលជាបានប្រទះឃើញដុំថ្មអវកាសមួយ មានមុខកាត់ប្រវែង ១.៣គីឡូម៉ែត្រ នៅតំបន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) ដែលជាបណ្តុំនៃផ្កាយដុះកន្ទុយ (អាចម៍ផ្កាយទឹកកក) នៅផុតពីភពណិបទូន ដែលជាភពចុងគេក្នុងប្រព័ន្ធព្រះអាទិត្យ។ ប្រសិនបើវត្ថុនេះពិតជាមាននៅទីនោះមែន វានឹងក្លាយជាថ្មអវកាសដំបូងបំផុតនៅតំបន់ខ្សែក្រវាត់ខៃភើ (KBO) ដែលរកឃើញក្នុងរង្វង់ទំហំប៉ុននេះ (តូចតែយើងអាចរកឃើញនៅរយៈចម្ងាយឆ្ងាយបែបនេះ)។
ជាច្រើនឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្រ្តបានប្រទះឃើញ KBO ច្រើនគួរសម ប៉ុន្តែពួកវាមានទំហំធំជាងដូចជា ភពមិនពេញលក្ខណៈ «ភ្លុយតូ» ដែលមានមុខកាត់ជាង ២,៣០០គីឡូម៉ែត្រ និងអាចម៍ផ្កាយ Ultima Thule ដែលមានទំហំដល់ទៅ ៣២គីឡូម៉ែត្រជាដើម ឬក៏មានទំហំតូចជាងនេះ ពោលគឺមុខកាត់ក្រោម ១គីឡូម៉ែត្រ។
គួរជម្រាបថា ការរកឃើញនេះបានបង្ហាញថា KBO ខ្នាតមធ្យមបែបនេះ តាមពិតអាចសម្បូរច្រើន ហើយវាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា បានបន្សល់ទុកពីការបង្កើតភពនានា ឬក៏វាបានត្រូវបានប្រមូលផ្តុំបានតែទំហំតូចៗប៉ុណ្ណោះ នៅពេលប្រព័ន្ធព្រះអាទិត្យ និងភពនានាចាប់កំណើតកាលពីជិត ៥ពាន់លានឆ្នាំមុន៕

