ក្រុមអ្នកវិទ្យាសាស្ត្រកំពុងងឿងឆ្ងល់ជុំវិញ «ការផ្លាស់ទីប៉ូលម៉ាញេទិចផែនដី» ដែលលឿនខុសពីធម្មតា…
(អាមេរិក)៖ ប៉ូលម៉ាញេទិចខាងជើង កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស រហូតតម្រូវឲ្យអ្នកវិទ្យាសាស្រ្តធ្វើបច្ចុប្បន្នភាព ទៅលើគំរូម៉ូដែលដែនម៉ាញេទិចសកល ដែលពួកគេទើបតែដាក់ចេញកាលពី ០៤ឆ្នាំមុនប៉ុណ្ណោះ។ តើនេះអាចជាសញ្ញាថា ប៉ូលម៉ាញេទិចជើង-ត្បូងនឹងត្រូវផ្លាស់ទីនាពេលឆាប់ៗខាងមុខ ឬយ៉ាងណា?
គំរូម៉ូដែលហៅថា «World Magnetic Model (WMM)» គឺតំណាងឲ្យដែនម៉ាញេទិចរបស់ផែនដី ហើយ Version ថ្មីរបស់ត្រូវគេរំពឹងថា នឹងត្រូវបញ្ចេញនៅចុងខែនេះ ឬក៏ដើមខែក្រោយ ខណៈការធ្វើបច្ចុប្បន្នភាពនេះ គឺយឺតយ៉ាវជាងការគ្រោងទុកប្រមាណជា ០២សប្តាហ៍ ដោយសារតែបញ្ហាបិទទ្វាររដ្ឋាភិបាលអាមេរិក ដែលទើបតែដោះស្រាយរួច។
គួរជម្រាបថា ប៉ូលម៉ាញេទិចខាងជើងកំពុងរំកិលចេញពីតំបន់អាក់ទិចជាប់កាណាដា ឆ្ពោះទៅកាន់តំបន់ស៊ីបេរីប្រទេសរុស្ស៊ី ក្នុងកម្រិតលឿនជាងធម្មតា ដែលជាហេតុបង្ខំឲ្យអ្នកវិទ្យាសាស្រ្ត អាប់ដេតទៅលើគំរូ WMM ដែលតាមពិតត្រូវមានសុពលភាពដល់ឆ្នាំ២០២០ ឯណោះ។
ពេលខ្លះ ប៉ូលម៉ាញេទិចខាងជើង និងខាងត្បូងរបស់ផែនដី បានឆ្លាស់ទីតាំងរបស់ពួកវា ក្រោយព្រឹត្តិការណ៍បែបនេះលើកចុងក្រោយបានកើតឡើងតាំងពី ៧៨០,០០០ឆ្នាំមុន ប៉ុន្តែទោះបីជាឥឡូវប៉ូលម៉ាញេទិចខាងជើង មានការប្រែប្រួលរហ័សជាងការរំពឹងទុករបស់អ្នកវិទ្យាសាស្រ្តក៏ដោយ ព្រឹត្តិការណ៍ឆ្លាស់ទីប៉ូលម៉ាញេទិចផែនដី នឹងមិនកើតឡើងក្នុងពេលឆាប់ៗឡើយ ពោលយ៉ាងហោចណាស់ក៏រាប់ពាន់ឆ្នាំទៀតដែរ៕
