ងាកចេញពី Cassini, ពេលនេះកែវយឺតអវកាស Hubble បង្ហាញរូបភាពល្អផ្តាច់គេប្រចាំទសវត្សរ៍!

212

(បរទេស)៖​ មួយរយៈចុងក្រោយនេះ សាធារណជនមានការចាប់អារម្មណ៍ខ្លាំង ទៅលើទីអវសានដែល​ជិត​មកដល់របស់យានអវកាស Cassini នៅភពសៅរ៍ ប៉ុន្តែដើម្បីឲ្យការចាប់អារម្មណ៍កាន់តែខ្លាំងជាងនេះ ទីភ្នាក់ងារអវកាស NASA បានបញ្ចេញរូបភាពដ៏អស្ចារ្យមួយសន្លឹក ថតដោយកែវយឺតអវកាស Hubble និងត្រូវបានគេអះអាងថា ជារូបភាពល្អបំផុតប្រចាំទសវត្សរ៍តែម្តង។ នេះបើតាម​ការចេញផ្សាយ ដោយវែបសាយ​អវកាស BGR នារសៀល​ថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

រូបថតមួយសន្លឹក ដែលគេឃើញនោះ​គឺជាកាឡាក់ស៊ី NGC7250 ដែលជាបណ្តុំ​នៃផ្កាយតូចធំ​រាប់ពាន់​លាន ហើយក៏មាន​បន្ទុះសូពើណូវ៉ា ទើបតែកើត​ឡើងនៅទីនោះផងដែរ ដោយវាមានចម្ងាយ ៤៥លានឆ្នាំពន្លឺ​ពីយើង។ ដូច្នេះយើងមិនអាចចាប់អារម្មណ៍ថាមានវា ឬក៏ចាប់រូបភាពបានតាម​កែវយឺត​ធម្មតាៗនោះឡើយ បើគ្មាន​ការប្រឹងចាប់ និងបំលែង​រូបភាពយ៉ាងជំនាញរបស់ Hubble ទេនោះ។

សម្រាប់ផ្កាយ​ដែលជះពន្លឺខ្លាំងជាងគេ​ជាងឯង ស្ថិតនៅជាយខាងឆ្វេងនៃរូបភាពខាងលើនេះ ត្រូវបានគេ​ឲ្យ​ឈ្មោះថា TYC 3203-450-1 ដែលស្ថិតនៅតំបន់​កញ្ចុំផ្កាយ Lacerta នៃកាឡាក់ស៊ី​​ខាងលើ។ ទោះបីជាផ្កាយ​នោះ​ធំរហូតដល់អាច​ជះពន្លឺខ្លាំង ទោះបីជាស្ថិតនៅរាប់លានឆ្នាំពន្លឺពីយើងក្តី ក៏ព័ត៌មានបឋមអំពីលក្ខណៈនៃផ្កាយនេះ នៅមិនទាន់​ត្រូវបានគេ​យកមកសិក្សានៅឡើយទេ។

គួរបញ្ជាក់ថា កែវយឺតអវកាស Hubble ដែលអ្នកជំនាញប្រមាញ់កាឡាក់ស៊ី និងថតរូបភពឆ្ងាយៗរបស់​អង្គការ NASA ត្រូវបានដាក់​ឲ្យដំណើរនៅទីអវកាស​អស់រយៈកាល​ជិត ៣០ឆ្នាំទៅហើយ ដោយវាអាច​នឹងបញ្ចប់បេសកកម្ម​នៅឆ្នាំ២០១៨ ខាងមុខនេះ ប៉ុន្តែគេនៅ​មិនទាន់មាន​ការបញ្ជាក់ថា តើ NASA នឹងបញ្ជាវា​ត្រឡប់មកផែនដី​វិញ ឬក៏បោះបង់ចោល​នៅទីអវកាស​នោះឡើយ៕

480×240 Banner