ទស្សនា​បាតុភូតកម្រគឺ ភពសុក្រ និងភពសៅរ៍​ចល័ត​កាត់គ្នា​លើផ្ទៃមេឃ​ភពផែនដី!

148

(អាមេរិក)៖ មុនពេលព្រះអាទិត្យរះ​នាថ្ងៃចន្ទដើមសប្តាហ៍នេះ ភពចំនួន ០២ គឺភពសុក្រ និងភពសៅរ៍នឹងធ្វើដំណើរកាត់គ្នា​នៅ​លើ​ផ្ទៃមេឃ (សំឡឹង​ទៅទិសខាងកើត ឈាងទៅ​ខាងត្បូងបន្តិច)។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងចំណោមភព​ទាំងពីរ​ភពសុក្រ (Venus) នឹងបញ្ចេញពន្លឺ​ភ្លឺជាងភពសៅរ៍ (Saturn) ដែលមានពន្លឺស្ទង់ៗ ប៉ុន្តែ​អាច​មើល​​ឃើញ​​ដោយ​ភ្នែកទទេ ខណៈបើមាន​កែវឆ្លុះគឺកាន់តែល្អថែម​ទៀត​។ ម៉្យាងវិញទៀត ​ក្រៅ​ពីភពសុក្រ និងភពសៅរ៍ ភពមួយទៀត​​គឺ​ភព​ព្រហស្បតិ៍ (Jupiter) ក៏នឹងបង្ហាញខ្លួន​នៅលើផ្ទៃមេឃ​ផងដែរ ជាមួយពន្លឺចែងចាំង​ជាង​ភព​ទាំងពីរ​ទៅទៀត តែនៅ​ឆ្ងាយពី Venus និង Saturn ។

គួរជម្រាបថា ភពសុក្រ និងភពសៅរ៍នឹង​នៅកៀកគ្នា នាពេលវេលា​ម៉ោង ០៥៖៤៥នាទី​​​មុនពេលថ្ងៃរះ ហើយ​អ្នក​នឹង​មើល​ឃើញ​​ពួកវា​នៅ​​ទិស​​​​អាគ្នេយ៍។ នាចុងឆ្នាំនេះ ពួកវាទាំងពីរ​នឹងជួបគ្នាជាថ្មី​ម្តងទៀត តែនៅលើផ្ទៃមេឃ​ពេលល្ងាច​ម្តង​នាថ្ងៃទី១១​ ខែធ្នូ។ Venus និង Saturn ជាក់ស្តែងមិនមែន​រំកិលជិតក្បែរមែន​ក្នុងទីអវកាសឡើយ ប៉ុន្តែវាគោចរ​ចំចំណុចមួយ ដែលមើល​ពី​ផែនដី​​ទៅ​គឺប្រៀប​​ដូច​ភព​​ទាំង​ពីរ​​បាន​ជួបគ្នា​យ៉ាងដូច្នោះឯង។

ភពសុក្រ ត្រូវគេហៅថា «Inferior Planet» ដែលគោចរជុំវិញ​ព្រះអាទិត្យលើគន្លង ខាងមុខគន្លងធ្វើដំណើរ​របស់ផែនដី ខណៈភព​សៅរ៍​​គឺជា «Superior Planet» ដែលគោចរជុំវិញព្រះអាទិត្យ នៅក្រោយគន្លងរបស់ផែនដី​។ សម្រាប់​ពេលវេលាខាងលើនេះ គឺសម្រាប់អ្នកដែលរស់នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ឯអ្នកនៅកម្ពុជាយើងវិញ បងប្អូន​អាចធ្វើការទស្សនាបាននៅព្រឹកព្រហាមថ្ងៃអង្គារស្អែកនេះ នៅមុនពេលថ្ងៃរះបាន ដើម្បីឃើញទិដ្ឋភាពភពសុក្រ នៅក្បែរសៅរ៍តាមទិសកំណត់ដូចគ្នា៕

480×240 Banner