ចក្រវាឡមានព្រំដែនឬទេ??? ក្រុមអ្នកតារាសាស្ត្រទើបរក​ឃើញ​កាឡាក់ស៊ី ៣០០,០០០ថ្មីៗបន្ថែមទៀត!

147

(ប៉ារីស)៖ សំនួរដែលសួរថា តើចក្រវាឡមួយនេះមានព្រំដែនដែរ ឬមួយក៏អត់នោះ ពេលនេះ​កាន់តែស្រពិចស្រពិលហើយ ព្រោះកាឡាក់ស៊ីរាប់សែន​ដែលអ្នកវិទ្យាសាស្រ្តពុំ​ធ្លាប់ឃើញពីមុន បានបង្ហាញ​ខ្លួន​ក្នុងផែនទី​នៃផ្ទៃមេឃ​ពេលរាត្រីថ្មី​មួយ ដែលបង្កឲ្យ​មានការភ្ញាក់ផ្អើលខ្លាំងបំផុត​​។ នេះ​បើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកវិទ្យាសាស្រ្តមួយ​ក្រុមដែលនៅពី​ក្រោយ​​កិច្ចការអង្កេត​ទីអវកាស​ ដែលពុំធ្លាប់​មាន​ពីមុនមកនោះបានអះអាងថា របកគំហើញ​របស់ពួក​គេបានលាតត្រដាង​ឲ្យដឹងពីអាថ៌កំបាំង​ស៊ីជម្រៅមួយ​ចំនួនរបស់ចក្រវាឡ រួមមានទាំង​លក្ខណៈរូបវិទ្យារបស់​ប្រហោងខ្មៅ និង​​​​​របៀប​វិវឌ្ឍន៍​ខ្លួននៃកញ្ចុំ​កាឡាក់ស៊ី​ផ្សេងៗជាដើម។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្តជាង ២០០នាក់​មកពី ១៨ប្រទេសបានចូលរួមក្នុង​ការសិក្សាថ្មីខាងលើ ដែលបានប្រើប្រាស់​បច្ចេក​ទេស Radio Astronomy ដើម្បីអង្កេតមើល​ផ្ទៃមេឃមួយផ្នែកនៅអឌ្ឍគោល​ខាងជើង​ ហើយបានរក​ឃើញប្រភពពន្លឺ​ដែលពុំ​ធ្លាប់​​បាន​ឃើញ​នាពេលកន្លង​មកចំនួន ៣០០,០០០ ហើយពួកវា​ត្រូវក្រុមអ្នកវិទ្យាសាស្រ្ត​ជឿថា ជាកាឡាក់ស៊ីយ៉ាងពិតប្រាកដ។

សម្រាប់ការ​សិក្សារកឃើញថ្មី​ខាងលើនេះ គឺអាចថា​ជារឿងចម្លែកផង និងមិនគួរ​ឲ្យជឿផង ប៉ុន្តែចម្លើយប​ន្ថែមពីរបកគំហើញ​នេះ គឺទាន់ត្រូវបានពន្យល់​លម្អិតនោះឡើយថា តើនៅ​សុខៗវាបង្ហាញ​ចេញដោយ​របៀបណា តែប្រការនេះគឺ​អាចទៅរួចដែរចំពោះ​​សមត្ថភាព​​នៃការ​អង្កេតជ្រុងថ្មី​នៃផ្ទៃមេឃ ទើបនាំទៅរក​ការប្រទះឃើញ​អ្វីថ្មីៗបន្ថែមទៀត​នៅក្នុងចក្រវាឡ៕

480×240 Banner