ពីមុនរក​ឃើញវត្ថុឆ្ងាយ​បំផុត​ថ្មី Farout តែឥឡូវនេះ​មានថ្មី​មួយទៀត​ហើយ​នោះគឺ Farfarout ដែល​ទើប​រក​ឃើញក្តៅៗ (រូបភាពខាងក្នុង)

143

(អាមេរិក)៖ តារាវិទូមួយ​ក្រុមដឹកនាំដោយ​លោក Scott Sheppard បានប្រកាសពី​ការឃើញនៃវត្ថុថ្មី ដែលនៅចម្ងាយឆ្ងាយ​ពី​​ព្រះ​អាទិត្យបំផុត ក្នុងអំឡុងពេល​តាមស្វែងរក​ភព X ឬភពទី៩ ដែលអ្នក​វិទ្យាសាស្រ្ត​បានសន្និដ្ឋានថា កំពុងតែពួនសំងំ​​នៅហួសភព​ភ្លុយតូ (Pluto) ទៅទៀត។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​​ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

វត្ថុខាងលើត្រូវបាន​ប៉ាន់ប្រមាណ​ថា មានទីតាំងនៅចម្ងាយ​ប្រហែល ១៤០AU (១AU ស្មើ១៥០លានគីឡូម៉ែត្រ ដែលជាគម្លាត​​​រវាងព្រះអាទិត្យ និងផែនដី) ពីព្រះអាទិត្យ ហើយវា​មានឈ្មោះ​មិនផ្លូវការថា FarFarOut ព្រោះវាបាន​បំណែកកំណត់ត្រា​​របស់​វត្ថុមួយទៀត​ហៅថា FarOut ដែលស្ថិតនៅ​ចម្ងាយ ១២០AU និងត្រូវបាន​រកឃើញ​ដោយលោក Sheppard ដូចគ្នា​កាលពី​​ខែធ្នូ ឆ្នាំ២០១៨។

ចំណែកឯនៅមុន​របកគំហើញនៃ FarOut ភពមិនពេញ​លក្ខណៈ (Dwarf Planet) Eris ត្រូវបានអ្នកវិទ្យាសាស្រ្ត​ចាត់ទុកថា ជាវត្ថុ​នៅឆ្ងាយពីព្រះអាទិត្យ​អាទិត្យបំផុត ជាមួយចម្ងាយ​៩៦AU ខណៈ Pluto ស្ថិតនៅចម្ងាយ​ត្រឹម ៣៤AU ប៉ុណ្ណោះ។ បន្ថែមពីនេះ FarOut មាន​កាំប្រវែង ២៥០គីឡូម៉ែត្រ ខណៈ FarFarOut ថ្មីនេះវិញ​គឺមិនទាន់មាន​ការបញ្ជាក់ទេ។

គួរជម្រាបថា FarOut និង FarFarOut ជារបកគំហើញ​ចុងក្រោយគេ​បំផុត នៃគម្រោងសិក្សាស្រាវ​ជ្រាវ​​រយៈពេលវែងមួយ ដែល​ផ្តោតចំពោះ​ការវិភាគទៅ​លើទិន្នន័យ​ស្តីពីតំបន់នៅចុង​ប្រព័ន្ធ​ព្រះអាទិត្យ ដែលបានមកពី​ប្រព័ន្ធតេឡេស្កូប​អុបទិក​ដ៏ខ្លាំងៗនៅ​លើផែនដី​ដូចជា Blanco 4-metre នៅឈីលី និង Sabaru 8-metre នៅ​ហាវ៉ៃជាដើម។ ជាមួយគ្នានេះដែរ គន្លងរបស់ FarOut និង FarFarOut នៅតែជាអាថ៌​កំបាំងដដែល ប៉ុន្តែមានការវាយតម្លៃជា​បឋមថា FarOut អាចចំណាយ​ពេលជាង ១,០០០ឆ្នាំ ដើម្បី​ធ្វើដំណើរជុំវិញ​ព្រះអាទិត្យបាន​មួយជុំ៕

480×240 Banner