មហា​សេដ្ឋី​លេខ១​លើ​លោក ចង់ឲ្យមនុស្សទៅ​រស់នៅពាសពេញ​ប្រព័ន្ធ​ព្រះអាទិត្យ ឲ្យ​បាន​រហូត​ដល់ចំនួនរាប់ពាន់ពាន់លាន​នាក់!

164

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ លោក Jeff Bezos ដែលជា​ម្ចាស់ក្រុមហ៊ុន​លក់ទំនិញអនឡាញ​ធំបំផុតលើ​ពិភពលោក Amazon បាន​​ប្រាប់​ថា លោកមាន​មហិច្ឆតាចង់បញ្ជូនមនុស្ស​មួយពាន់ពាន់ (ទ្រីលាន) ឲ្យរស់នៅ​ក្នុង​ទីអវកាស។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញពីសារព័ត៌មាន Fox News នៅ​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

កំពូលមហាសេដ្ឋី​មានទ្រព្យសម្បត្តិច្រើន​​ជាងគេបង្អស់រូបនេះ បានបង្ហើបឲ្យ​ដឹងពីក្តីសម្រៃខាងលើ​របស់លោក នៅក្នុងអំឡុង​ការ​ថ្លែងសុន្ទរកថា​មួយអំពីក្រុមហ៊ុន​ដឹកជញ្ជូនផ្នែក​អវកាស Blue Origin ដែលលោកបាន​បង្កើតឡើង​តាំងតែពី​ឆ្នាំ២០០០ ប៉ុន្តែ​ពុំសូវ​មានភាព​លេចធ្លោដូច​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី លោក Elon Musk ប៉ុន្មានឡើយ។

គួរជម្រាបថា បើតាម​​លោក Bezos ការបង្កើនវត្តមានមនុស្សយ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅពាសពេញប្រព័ន្ធ​ព្រះអាទិត្យ​ អាច​ផ្តល់​ឲ្យយើងនូវអ្នកប្រាជ្ញា​ពូកែរាប់​មិនអស់។ លោក Bezos បាននិយាយដូច្នេះថា «ប្រព័ន្ធព្រះអាទិត្យ​ទ្រទ្រង់​មនុស្សមួយ​ទ្រីលាននាក់​ហើយ​បន្ទាប់មកយើងនឹង​មានអ្នកប្រាជ្ញ​ដូចជា Mozarts និង Einsteins រាប់ពាន់នាក់»។

បច្ចុប្បន្ន ក្រុមហ៊ុន Blue Origin កំពុងអភិវឌ្ឍន៍​បច្ចេកវិទ្យាខុសៗ​គ្នាមួយចំនួន សម្រាប់ការហោះ​ឡើងទៅកាន់ទីអវកាស ​និង​កំពុង​ព្យាយាមធ្វើឲ្យ​សេវារបស់ខ្លួនមានតម្លៃធូរថ្លៃ​ ឆ្ងាយជាងក្រុមហ៊ុន​បម្រើវិស័យអវកាស​ដទៃទៀត សម្រាប់អង្គការ​ក៏ដូចជា​ស្ថាប័ន​​​នានា​​ ដែលមានបំណងចង់​បញ្ជូនរបស់ឡើង​ទីអវកាស៕

480×240 Banner