HOT NEWS: ទីបំផុតយាននាគ Dragon ហោះឡើងដោយជោគជ័យ ជាមួយមនុស្សជ័រដាក់ឲ្យជិះសាកល្បង (រូបភាពខាងក្នុង)
(វ៉ាស៊ីនតោន)៖ យានអវកាសអាមេរិកដំបូងគេបំផុត ដែលមានសមត្ថភាពដឹកអវកាសយានិក ចាប់តាំងពីការចូលនិវត្តន៍នៃយាន Space Shuttle ត្រូវបានបាញ់បង្ហោះហើយនៅទាបភ្លឺថ្ងៃសៅរ៍នេះ (ពេលវេលានៅអាមេរិក ត្រូវនឹងរសៀលថ្ងៃសៅរ៍នេះ ពេលវេលានៅកម្ពុជា) ដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
យានអវកាសផលិតដោយក្រុមហ៊ុន SpaceX ឈ្មោះថា Crew Dragon ត្រូវបានបាញ់បង្ហោះនៅម៉ោង ២៖៤៩នាទីរំលងអធ្រាត្រ (ម៉ោងនៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិកដែលស្មើនឹងម៉ោងជិត ០៣រសៀលនៅកម្ពុជា) ចេញពីមជ្ឈមណ្ឌល Kennedy Space Center ក្នុងរដ្ឋ Florida របស់ទីភ្នាក់ងារអវកាសអាមេរិក NASA តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 ដើម្បីឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។
ពុំមានវត្តមានក្រុមអវកាសយានិកនៅក្នុងយាន Dragon នេះទេ ខណៈមានអវកាសសិប្បនិម្មិតម្នាក់ឈ្មោះថា Ripley ដែលជាតួអង្គឯកក្នុងកម្រងខ្សែភាពយន្តព្រឺព្រួច-វិទ្យាសាស្រ្តបែបក្លាស៊ិក ដ៏ល្បីរបស់ហូលីវូដ Alien។ អវកាសយានិកសិប្បនិម្មិតនេះ មានបំពាក់ប្រព័ន្ធ Sensor ដែលនឹងស្ទាបស្ទង់ក៏ដូចជាវាស់វែងទៅលើកម្លាំង ល្បឿន ព្រមទាំងបរិស្ថានជុំវិញ ដែលមនុស្សជាអវកាសយានិក នឹងត្រូវឆ្លងកាត់នាពេលខាងមុខ នៅក្នុងយានអវកាសនេះ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះគឺជាជំហានដ៏សំខាន់មួយនៃក្ដីសម័យរបស់ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk ដែលធ្លាប់បាននិយាយថា ក្រុមហ៊ុនអវកាសរបស់លោកនឹងនាំមនុស្សទៅកាន់ទីអវកាស។ វាក៏ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រថ្មីមួយ នៃសមត្ថភាពរបស់ SpaceX ផងដែរ។
ងាកទៅកាន់អង្គការ NASA វិញក៏បានបង្ហាញការសាទរផងដែរ ចំពោះសមិទ្ធផលរបស់ SpaceX នាថ្ងៃនេះ ដោយខ្លួនបានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter ជាផ្លូវការថា «វាគឺជាទំព័រថ្មីនៃសហរដ្ឋអាមេរិក ចំពោះប្រព័ន្ធដឹកមនុស្សទៅទីអវកាស…»។ វាបានកើតមានឡើងរយៈពេល ០៨ឆ្នាំ បន្ទាប់ពីអង្គការ NASA បានបោះបង់ចោលគំរោងផលិតយានដឹកមនុស្ស Space Shuttle ហើយងាកទៅបន្តពឹងផ្អែកលើយាន Soyuz របស់រុស្ស៊ី ដើម្បីដឹកអវកាសយានិកទៅកាន់ស្ថានីយអវកាសវិញ៕


