តោះបងប្អូន! ស្វែងយល់ពីមេរៀនទី១វិញ៖ តើអ្វីទៅជាប្រព័ន្ធព្រះអាទិត្យ? តើព្រះអាទិត្យនៅស្ងៀម ឬក៏កំពុងចល័ត?
(អវកាស)៖ ដោយសារតែបងប្អូនជាច្រើននៅតែបន្តសាកសួរ ដើម្បីចង់ដឹងអំពីមេរៀនដំបូងៗនោះ Cambo Space យើងខ្ញុំបានសម្រេចធ្វើការបកប្រែ និងចងក្រងអត្ថបទជាចំណេះដឹងអំពីមេរៀនដំបូងៗឡើងវិញ ដើម្បីជាមូលដ្ឋានគ្រឹះដល់បងប្អូន បន្តការស្វែងយល់រឿងរ៉ាវដ៏អស្ចារ្យជាច្រើន ក្នុងផ្នែកវិទ្យាសាស្ត្រ និងអវកាសទៅមុខទៀត។ សម្រាប់មេរៀនដំបូងពេលនេះ យើងខ្ញុំនឹងធ្វើការបកស្រាយពីប្រព័ន្ធព្រះអាទិត្យ៖
ប្រព័ន្ធព្រះអាទិត្យ (Solar System) គឺជាព្រះអាទិត្យរួមជាមួយនិងវត្ថុទាំងអស់ដែលស្ថិតក្នុងគន្លងជុំវិញវា។ វត្ថុដែលធ្វើគោចរជុំវិញព្រះអាទិត្យមានដូចជា ភព អាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងវត្ថុអវកាសដទៃៗទៀត។
ព្រះអាទិត្យគឺជាផ្កាយមួយ មានទម្ងន់ស្មើនឹង ៩៩.៩ភាគរយនៃទម្ងន់ប្រព័ន្ធព្រះអាទិត្យ។ ប្រការនេះមានន័យថា វាមានទំនាញដ៏ខ្លាំងក្លា ហើយវត្ថុដទៃៗផ្សេងទៀត ត្រូវបានទាញចូលទៅក្នុងគន្លងគោចរជុំវិញព្រះអាទិត្យ។ ព្រះអាទិត្យត្រូវបានផ្សំឡើងភាគច្រើនដោយឧស្ម័នអ៊ីដ្រូសែន និងអេល្យូម។
មួយវិញទៀតមានភពចំនួន ០៨នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ រាប់ចាប់ជិតបំផុតដល់ឆ្ងាយបំផុតពីព្រះអាទិត្យមានភពដូចជា៖ ភពពុធ (Merury), ភពសុក្រ (Venus), ភពផែនដី (Earth), ភពអង្គារ (Mars), ភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពអ៊ុយរ៉ាណុស (Uranus), និងភពណិបទូន (Neptune)។
ប្រព័ន្ធព្រះអាទិត្យក៏ផ្ទុកសារធាតុដទៃៗទៀតផងដែរ តួយ៉ាងអាចម៍ផ្កាយ ដែលភាគច្រើនស្ថិតនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ ហើយនៅហួសផុតឆ្ងាយពីភពណិបទូន យើងនឹងឃើញមានខ្សែក្រវ៉ាត់អាចម៍ផ្កាយខៃភើ (Kuiper Belt)។ នៅក្នុងតំបន់នេះទៀតសោតមានភពមិនពេញលក្ខណៈមួយចំនួន រួមបញ្ចូលទាំង ភ្លុយតូ ក៏ដូចជាវត្ថុអវកាសតូចៗជាច្រើនផ្សេងទៀតរួមានធូលីអវកាស និងផ្កាយដុះកន្ទុយផងដែរ។
គួរបញ្ជាក់ថា ភពចំនួន០៦ និងភពមិនពេញលក្ខណៈចំនួនបីផ្សេងទៀត នៃប្រព័ន្ធព្រះអាទិត្យ ត្រូវបានវិលជុំវិញដោយព្រះចន្ទមួយ ឬច្រើន ដែលក្នុងនោះមានតែភពពីរប៉ុណ្ណោះអត់មានព្រះច័ន្ទ នោះភពពុធ និងភពសុក្រ។ នៅក្នុងចក្រវាឡមានប្រព័ន្ធជាច្រើនផ្សេងទៀត ដែលដូចទៅនឹងប្រព័ន្ធព្រះអាទិត្យរបស់យើង ដោយផ្កាយនីមួយៗមានសក្តានុពលខ្ពស់ ក្នុងការមានប្រព័ន្ធភពផ្ទាល់ខ្លួនរបស់វា ហើយនៅក្នុងកាឡាក់ស៊ី Milky Way នេះមានផ្កាយចំនួនមិនតិចជាង២០០ពាន់លានផ្កាយ។
លក្ខណៈបន្ថែម៖ ព្រះអាទិត្យវិញជុំវិញខ្លួនឯងមួយជុំក្នុងរយៈពេល ២៤ ថ្ងៃកន្លះ (គិតតាមវេលាផែនដី)។ ព្រះអាទិត្យមិនមែននៅហ្នឹងមួយកន្លែងនោះទេ វាក៏ចល័តទាំងប្រព័ន្ធតែម្តងទៅតាមកាឡាក់ស៊ីមាលគីវេយ៍ ផងដែរ ក្នុងល្បឿនរហូតដល់ទៅ ៨២៨,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈកាឡាក់ស៊ីផ្សេងៗទៀត ក៏មិនមែននៅស្ងៀមនោះដែរ គឺពួកវាចល័តពាសពេញទីអវកាសក្នុងល្បឿន និងទិសដៅរៀងៗខ្លួន៕
