យាន​រុករក​ជប៉ុន Hayabusa2 កំពុង​បំពេញ​បេសកកម្ម​យ៉ាងរលូន​នៅ​អាចម៍ផ្កាយ Ryugu

138

(តូក្យូ)៖ ក្រោយពី​យានអវកាស Hayabusa2 បានចុះទៅ​យកគំរូតាងពី​អាចម៍ផ្កាយ Ryugu កាលពីខែមុន នាពេលនេះ​ទីភ្នាក់ងារ​អវកាស​ជប៉ុន JAXA បានបញ្ចេញ​ឃ្លីបវីដេអូដ៏អស្ចារ្យមួយ​នៃសកម្មភាពនោះ ដែលថតបាន​ពីយាន Hayabusa2 ផ្ទាល់។ នេះបើ​តាមការ​ដកស្រង់ការផ្សាយ​ចេញពី វែបសាយព័ត៌មានអវកាស-វិទ្យាសាស្រ្ត Space នៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

បច្ចុប្បន្ន Hayabusa2 កំពុងបំពេញបេសកម្ម​​នៅក្បែរ​អាចម៍ផ្កាយ​មួយដុំ​មានឈ្មោះថា Ryugu ដែលមានមុខ​កាត់ជិត ៩០០​ម៉ែត្រ​ និងម៉ាសប្រមាណ ៤៥០ពាន់លានគីឡូក្រាម ហើយនៅចម្ងាយ​​រាប់លានគីឡូម៉ែត្រពី​ផែនដី។ នៅថ្ងៃ​ទី២១ ខែកុម្ភៈ យាននេះ​បានចុះទៅយក​គំរូស្លាកស្នាមពីអាចម៍​ផ្កាយនោះ ដែលអាចនិយាយ​បានថា ជាចំណុចដ៏សំខាន់​​បំផុតនៅក្នុង​​បេសក​កម្ម​របស់វា ហើយវីដេអូ​ដែលទីភ្នាក់ងារអវកាស​ជប៉ុនទើបតែ​បញ្ចេញ បានបង្ហាញពីអ្វី​ដែលបានកើតឡើង​នាអំឡុង​ពេលនោះ។

គួរជម្រាបថា យ៉ាងណាមិញ​នៅមានកិច្ចការមួយចំនួនទៀត ដែល Hayabusa2 ត្រូវធ្វើ មុនពេលវាអាច​ត្រឡប់កាន់ផែនដីវិញ​​។ ជាដំបូងនៅខែមេសា​ខាងមុខ យានអវកាសនេះ​នឹងបង្កើតរណ្តៅសិប្បនិម្មិតមួយ ហើយពិនិត្យមើលអ្វីដែលនឹងកើតឡើង។ ក្រៅ​ពីនេះ ក៏មានប្រតិបត្តិការ​នៅលើផ្ទៃរបស់ Ryugu ជាបន្ត​បន្ទាប់ទៀតដែរ ដោយនៅដើមរដូវក្តៅ (ចន្លោះខែមិថុនា និងកញ្ញា) វានឹង​​​ចុះទៅ​លើអាចម៍ផ្កាយនេះ​ជាលើកទីពីរ​​នៅក្នុង​រណ្តៅ​សិប្បនិម្មិត។

ក្រោយមក​នៅចុងរដូវក្តៅ យាន Hayabusa2 នឹងទម្លាក់​ក្រុ ម​យាន Rover ចុងក្រោយ​របស់វា​ទៅលើ​អាចម៍ផ្កាយ Ryugu។ ​រីឯ​នៅទីបញ្ចប់ គឺចុង​ឆ្នាំ២០១៩នេះ យានអវកាស Hayabusa2 នឹងចាប់ផ្តើមចេញ​ដំណើរ​ត្រឡប់មកកាន់​ផែនដីវិញ ហើយ​នៅ​​ចុង​ឆ្នាំ២០២០ ​ក្រុមអ្នកវិទ្យាសាស្រ្ត​ជប៉ុននឹងទទួលបានគំរូតាង​​របស់អាចម៍ផ្កាយ Ryugu ដែលយានអវកាស​នេះប្រមូលបាន​កាល​ពីខែមុន៕

 

480×240 Banner