ហេតុអ្វីខួរក្បាលលោក Hawking និង Einstein អស្ចារ្យលើសគេឯងបែបនេះ? វីដេអូឯកសារស្តីពីលោកទាំងពីរ នឹងត្រូវបញ្ចាំងក្នុងទូរទស្សន៍អាមេរិក
(វ៉ាស៊ីនតោន)៖ វីដេអូឯកសារថ្មីមួយរយៈពេលពីរម៉ោង នឹងត្រូវដាក់បញ្ចាំងតាមប៉ុស្តិ៍ទូរទស្សន៍អាមេរិក ដោយនិយាយរៀបចំអំពីស្នាដៃ នៃអ្នកប្រាជ្ញកំពូលចំនួនពីររូបរបស់ពិភពលោក គឺលោក Albert Einstein និង លោក Stephen Hawking ដែលបានបង្កើតឡើងនូវទ្រឹស្តីអស្ចារ្យៗ សម្រាប់ពិភពនៃផ្នែករូបវិទ្យា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានវិទ្យាសាស្រ្ត-អវកាស Space នៅថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
កម្មវិធីវីដេអូឯកសារមានចំណងជើងថា «អែនស្តែន និង ហាឃីង: ការដោះសោអាថ៌កំបាំងនៃចក្រវាឡ (Einstein and Hawking: Unlocking The Universe)» នឹងត្រូវចាប់បញ្ចាំងជាងលើកដំបូងនៅថ្ងៃទី១០ ខែមីនា នាវេលាម៉ោង ០៨៖០០នាទីព្រឹក (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) នៅលើប៉ុស្តិ៍ទូរទស្សន៍ Science Chnnel។ កម្មវិធីនេះនឹងបញ្ចាំងសាឡើងវិញម្តងទៀតនៅថ្ងៃទី១៤ ដែលជាខួបមួយឆ្នាំនៃមរណភាពរបស់លោក Hawking និងត្រូវជាថ្ងៃខួបកំណើតទី ១៤០ របស់លោក Einstein។
គួរជម្រាបថា ក្នុងជីវិតរបស់លោក Hawking សាស្រ្តាចារ្យជនជាតិអង់គ្លេសរូបនេះ បានចំណាយពេលជាច្រើនធ្វើការស្វែងលើគោលការណ៍ច្បាប់ ដែលគ្រប់គ្រងចក្រវាឡរបស់យើង គឺចាប់តាំងតែពីរឿងតូចៗរហូតដល់រឿងធំៗ។ លោក Hwaking បានសិក្សាទាំងទៅលើ Quantum Mechanics ជាផ្នែកមួយនៃរូបវិទ្យាដែលរៀបរាប់អំពីអ្វី ដែលកើតឡើងនៅកម្រិត Subatomic (តូចជាងអាតូមទៅទៀត) និងទៅលើទ្រឹស្តីដ៏អស្ចារ្យគឺ Theory of General Relativity ដែលទាក់ទងនឹង Space-Time របស់លោក Einstein៕

