តើអ្នកគិតថារវាង «មនុស្សពិត និងមនុស្សយន្ត» មួយណាស្រួលស្រាវជ្រាវភពផ្សេងជាង?
(បរទេស)៖ បច្ចុប្បន្នការជជែកដេញដោលនៅតែមានជុំវិញបញ្ហាថា តើមនុស្ស ឬមួយក៏ម៉ាស៊ីនរ៉ូបូត ដែលសាកសមជាងគេបំផុត សម្រាប់ដំណើរការរុករកក្នុងទីអវកាស ស្របពេលដែលក្រុមហ៊ុនឯកជនដូចជា SpaceX និងទីភ្នាក់ងាររដ្ឋាភិបាល NASA របស់សហរដ្ឋអាមេរិកកំពុងតែផ្តោតលើការបញ្ជូនមនុស្សទៅកាន់ព្រះច័ន្ទ ទៅកាន់ភពអង្គារ (Mars) និងទីកន្លែងផ្សេងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយទស្សនាវដ្តី Discover Magazine នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
ការបញ្ជូនមនុស្សក្នុងបេសកកម្មរុករកនៅទីអវកាស គឺត្រូវចំណាយច្រើនខ្លាំង ហើយរាងកាយរបស់មនុស្សនៅតែងាយទទួលរង ផលប៉ះពាល់ពីបរិស្ថានមិនអំណោយផលនៃលំហអវកាស ខណៈមានការយល់ឃើញថា ប្រហែលរ៉ូបូតអាចជាជម្រើសប្រសើរជាង ហើយវាថោក និងលឿន។
សម្រាប់ក្រុមអ្នកដែលគាំទ្រការបញ្ជូនមនុស្សឲ្យរុករកក្នុងទីអវកាស ពួកគេយល់ថា មនុស្សលោកយើងមានការប្រតិកម្ម និងការឆ្លើយតបភ្លាម ខណៈដែលគ្រឿងយន្តត្រូវការការបង្គាប់បញ្ជា ដែលជាហេតុធ្វើឲ្យមានវឌ្ឍនភាពគួរឲ្យទុកចិត្តបាន ប៉ុន្តែមានភាពយឺតយ៉ាវ។ ឧទាហរណ៍ក្នុងរយៈពេល ២៦ឆ្នាំ បណ្តាយានរុករកនៅភពអង្គារផ្លាស់ទីបានត្រឹមចម្ងាយជាង ៧០គីឡូម៉ែត្រប៉ុណ្ណោះ និងមិនដែលប្រព្រឹត្តផ្ទុកពីការបញ្ជារបស់ NASA ឡើយ។
ផ្ទុយទៅវិញ កាលពីអំឡុងបេសកកម្មអាប៉ូឡូទី ១៥ ក្រុមអវកាសយានិកបានប្រទះឃើញវត្ថុគួរឲ្យចាប់អារម្មណ៍ ហើយស្នើសុំការអនុញ្ញាតដើម្បីទៅពិនិត្យមើលវា ប៉ុន្តែទទួលបានចម្លើយថា «ទេ»។ ទោះជាបែបនេះក៏ដោយ ពួកគេនៅតែទៅយកថ្មមួយដុំនោះមកទាល់តែបាន ខណៈសម្រាប់រ៉ូបូតនេះបើប្រាប់ថា ទេ គឺច្បាស់ជាទេហើយ។ ម៉្យាងវិញទៀតនោះ ការបន្តឲ្យមនុស្សចូលរួមពាក់ព័ន្ធ ទោះបីជាមានឧបសគ្គមួយចំនួនដូចជា ការត្រូវចំណាយច្រើន ឬក៏គ្រោះថ្នាក់ក៏ដោយ វាធ្វើឲ្យការផ្សងព្រេងក្នុងទីអវកាសកាន់តែមានអត្ថន័យ និងលទ្ធផលប្រសើរជាង។
ដោយឡែក ងាកមកស្តាប់ក្រុមអ្នកគាំទ្រម៉ាស៊ីនរ៉ូបូតវិញម្តង។ នៅក្នុងសម័យកាលដំបូងនៃការរុករកក្នុងទីអវកាស មនុស្សយើងគឺមានសមត្ថភាពឆ្ងាយជាងរ៉ូបូត ដោយយើងអាចគិត អាចតស៊ូ និងមើលឃើញគ្រាន់បើជាងគ្រឿងយន្ត។ តែក្រោយមកមនុស្សទាំងនោះបានចាប់ផ្តើមអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលជួយបង្កើនសមត្ថភាពរបស់រ៉ូបូត ដោយសន្សឹមៗ ប៉ុន្តែមានលំនឹងស្ថិតស្ថិរ ដូចនេះធ្វើឲ្យបេសកកម្មមិនបាច់ប្រើមនុស្ស មានការចាប់អារម្មណ៍ខ្លាំងឡើងៗ។
ឧទាហរណ៍ ធៀបជាមួយយានរុករក Spirit និង Opportunity ដែលបានចុះទៅដល់ Mars កាលពីឆ្នាំ២០០៤ យាន Curiosity ដែលបានចុះទៅដល់ភពអង្គារក្រោយគ្នាតែ ០៨ឆ្នាំនោះ គឺមានទំហំធំជាង ០៣ដង លឿនជាង ១០ភាគរយ ទទួលបានថាមពលខ្លាំងជាង ០៣ដងពីពន្លឺព្រះអាទិត្យ ហើយមានឧបករណ៍ស្រាវជ្រាវវិទ្យាសាស្រ្តច្រើនជាងយានទាំងពីរគ្រឿងដល់ទៅពីរដង ដែលនេះនៅមិនទាន់និយាយពីភាពជឿនលឿននៃកម្លាំងគណនា និងប្រព័ន្ធ AI របស់ Curiosity ផង។
មួយវិញទៀត អវកាសយានិកត្រូវការខ្យល់ដកដង្ហើម ការហូបចុប ការផឹកទឹក និងត្រូវរក្សាស្មារតីឲ្យនឹងនរនៅក្នុងពេលបំពេញបេសកកម្ម តែម៉ាស៊ីនរ៉ូបូតពុំត្រូវជាប់ជំពាក់ក្នុងរឿងទាំងអស់នេះឡើយ។ ពួកវាអាចធ្វើការងារ និងទៅកាន់កន្លែងច្រើនជាង ហើយដោយសារមិនត្រូវការប្រព័ន្ធទ្រទ្រង់ជីវិត ដូច្នេះត្រូវចំណាយតិចជាងបេសកកម្មប្រើប្រាស់មនុស្សទៀតនោះ អាចបំពេញបេសកកម្មទាំងអស់នេះ បានញឹកញយជាងអវកាសយានិក។
យ៉ាងណាក៏ដោយ គ្រឿងយន្តទាំងអស់នេះនៅតែត្រូវការការបង្គាប់បញ្ជាពីមនុស្ស និងមិនមានការចេះដឹង ចេះឆ្ងល់ ឬក៏ជំនាញចាំបាច់ផ្សេងៗឡើយ ហើយពួកវាធ្វើដំណើរយឺតខ្លាំងថែមទៀត។ ហេតុដូចនេះ ទើបមានការស្រមើស្រមៃថា នៅថ្ងៃអនាគតមនុស្សអាចកូពីហើយបញ្ចូលខួរក្បាលរបស់ពួកគេ ទៅក្នុងម៉ាស៊ីន ដើម្បីឲ្យបានជាគ្រឿងម៉ាស៊ីន ដែលអាចធ្វើការងារ គិត និងប្រព្រឹត្តដូចជាមនុស្សលោកយ៉ាងដូច្នោះដែរ៕

