តើវត្ថុ​ចម្លែក Ultima Thule នេះ​​មាន​អ្វី​ពិសេស​ខ្លះ? ទីបំផុត​យាន New Horizons អាច​បក​ស្រាយ​អំពី​វា​ខ្លះៗ​ហើយ!

147

(វ៉ាស៊ីនតោន)៖ ក្រុមការងារ​នៃបេសកកម្ម New Horizons របស់ទីភ្នាក់ងារអវកាស អាមេរិក NASA នាថ្ងៃចន្ទសប្តាហ៍នេះ​បានបក​ស្រាយឲ្យដឹង នូវអាថ៌កំបាំងមួយចំនួននៃដុំថ្មអវកាស Ultima Thule ដែលស្ថិត​ក្នុងតំបន់​ខ្សែក្រវាត់ខៃភើ (Kuiper Belt) នៅឯចុងប្រព័ន្ធ​ព្រះអាទិត្យ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

យាន​អវកាស New Horizons បានធ្វើការ​ហោះឆ្វែល (Flyby) ដែលឆ្ងាយពីផែនដី​បំផុតក្នុង​ប្រវត្តិសាស្រ្ត កាលពីថ្ងៃឆ្លង​ឆ្នាំសកល ដោយវាបានធ្វើ​ដំណើរទៅកាន់​ចម្ងាយ ៣,៥៤៩គីឡូម៉ែត្រ​​ពីផ្ទៃ​របស់ថ្មអវកាសនេះ ជាមួយ​ល្បឿន ៥០,៦៩៤គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ បើតាម​សេចក្តីប្រកាស​របស់ NASA តាមរយៈការវិភាគ​លើទិន្នន័យទាំង​ប៉ុន្មាន ដែល New Horizons បានបន្ត​បញ្ជូន​មក កាន់ផែនដី​ចាប់តាំងពី​ពេលនោះមក ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងបង្កើន​ការយល់ដឹងកាន់តែ​ច្រើនអំពី​សណ្ឋាន ភូមិសាស្រ្ត និង​សមាសធាតុ របស់វត្ថុ​បុរាណ​មួយនេះ ដែលនៅសេស​សល់ពីការកកើតនៃ​ប្រព័ន្ធផ្កាយ​របស់យើង។

គួរជម្រាបថា អ្វីដែលអ្នកវិទ្យាសាស្រ្ត​របស់អង្គការ NASA បានដឹងនាពេលនេះ គឺវាច្បាស់ ១០០ភាគរយថា Ultima Thule គឺជា​ដុំ​ថ្មអវកាសពីរដែល​នៅជាប់គ្នា ដោយផ្នែកមួយ​មានរាងសំប៉ែត និងធំ​ត្រូវគេដាក់ឈ្មោះ​ឲ្យថា Ultima និងផ្នែកមួយ​ទៀតរាង​តូច ​តែ​មានលក្ខណៈមូល​ជាងត្រូវបានហៅថា Thule។ ដុំថ្មទាំងពីរ​ត្រូវគេជឿថា កាលពីអតីតកាល​ធ្លាប់បានគោចរ​ជុំវិញគ្នា រហូតដល់​ពេលអ្វីម៉្យាងបានធ្វើឲ្យ​ពួកវាខាំ​ជាប់គ្នា។

រីឯពណ៌និងសមាសធាតុនៃដុំថ្មអវកាស Ultima Thule គឺមានពណ៌ក្រហមខ្លាំង ពោលគឺក្រហមខ្លាំងជាង​ភពមិនពេញលក្ខណៈ ភ្លុយតូ (Pluto) ទៅទៀត ដែលត្រូវបានយាន New Horizons ហោះកាត់កាលពី២០១៥ នៅតំបន់ផ្នែកខាងក្នុងនៃខ្សែក្រវាត់ខៃភើ ។ ក្រៅពីនេះអ្នកវិទ្យាសាស្រ្ត ក៏​បានឃើញពីភស្តុតាងនៃសារធាតុមេតាណុល ទឹកកក និងម៉ូលេគុលសរីរាង្គ នៅលើផ្ទៃ​របស់ដុំថ្ម Ultima Thule។

បច្ចុប្បន្ន​យានអវកាស New Horizons កំពុងស្ថិតនៅចម្ងាយ ៦.៦ពាន់លានគីឡូម៉ែត្រ​ពីភព​ផែនដី៕

480×240 Banner