មានការសន្និដ្ឋានថ្មីពី Oumuamua ដែលមកពីក្រៅប្រព័ន្ធព្រះអាទិត្យ! ចុងក្រោយ និងងាយយល់!
(វ៉ាស៊ីនតោន)៖ មានអាថ៌កំបាំងជាច្រើននៅជុំវិញ Oumuamua ដែលជាវត្ថុអវកាសដំបូងបំផុតដែលបានធ្វើដំណើរឆ្លងកាត់ប្រព័ន្ធផ្កាយរបស់យើង ហើយមកទល់បច្ចុប្បន្ន អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ដឹងច្បាស់នោះឡើយពីលក្ខណៈពិតរបស់វា។ ប៉ុន្តែទឹ្រស្តីថ្មីចុងក្រោយមួយអំពីដើមកំណើតរបស់វត្ថុចម្លែកនេះ បានអះអាងជាថ្មីម្តងទៀតថា វាគឺជាអាចម៍ផ្កាយដុះកន្ទុយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
វត្ថុអវកាស Oumuamua បានបង្កភាពងឿងឆ្ងល់ដល់អ្នកវិទ្យាសាស្រ្តនៅលើផែនដី ចាប់តាំងតែពីវាបានបង្ហាញខ្លួនជាលើកទីមួយ កាលពីខែតុលា ឆ្នាំ២០១៧។ ថ្មីៗនេះអ្នកស្រាវជ្រាវបីរូបមកពីសាកលវិទ្យា Yale និងវិទ្យាស្ថាន Caltech នៃសហរដ្ឋអាមេរិកបានបង្កើតទ្រឹស្តីថ្មីមួយ អំពីលក្ខណៈរបស់ Oumuamua ដែលនឹងត្រូវចុះផ្សាយក្នុងទស្សនាវដ្តីរូបវិទ្យាផ្នែកតារាសាស្រ្ត The Astrophysical Journal។ បើតាមអ្នកវិទ្យាសាស្រ្តទាំងបី ការដែលអត់មានឃើញកន្ទុយ ឬក៏ហ្គាសបាញ់ចេញពី Oumuamua គឺដោយសារតែ អ្វីដែលបញ្ចេញទៅនោះគឺភាគច្រើនជាចំហាយទឹក។
គួរជម្រាបថា Oumuamua បានក្លាយជាប្រធានបទជជែកដេញដោលយ៉ាងក្តៅគគុក នៅក្នុងសហគមន៍អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយក្នុងនោះរួមមានទាំងទ្រឹស្តីទាក់ទងនឹងមនុស្សក្រៅភពជាដើម ពោលគឺអ្នកខ្លះសង្ស័យថា វាជានាវាអវកាសរបស់ពួកអេលៀនថែមទៀត។
វត្ថុអវកាស Oumuamua ដែលក្នុងភាសាអ្នកកោះហាវ៉ៃមានន័យថា «អ្នកនាំសារមកពីចម្ងាយ» នោះត្រូវបានប្រទះឃើញជាលើកទីមួយ នៅឆ្នាំ២០១៧ តាមរយៈប្រព័ន្ធតេឡេស្កូប Pan-STARRS ដែលស្ថិតនៅកោះ Maui នៃរដ្ឋហាវ៉ៃ។ ថ្មអវកាសមានរាងដូចបារី Cigar នេះ គឺជាវត្ថុដំបូងគេដែលមនុស្សយើងដឹងថា បានមកពីប្រព័ន្ធផ្កាយដទៃទៀត ហើយហោះឆ្លងកាត់ប្រព័ន្ធផ្កាយរបស់យើង ជាមួយនឹងប្រវែងខ្លួនរបស់វាគឺ ៤០០ម៉ែត្រ៕

