អនាគត​នៃទីអវកាស​កាន់តែគ្រោះ​ថ្នាក់ ព្រោះមហា​អំណាចធំៗ​ចាប់ផ្តើម​គម្រោង បង្កើត​អាវុធប្រជែង​គ្នា

152

(ហ្ស៉ឺណែវ)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញក្តី​ព្រួយបារម្ភជាខ្លាំង ជុំវិញការ​ដែល​​សហរដ្ឋ​អាមេរិកមិន​ព្រម​និយាយអំពីការ​ទប់ស្កាត់ ការដាក់ពង្រាយ​សព្វាវុធនៅក្នុង​ទីអវកាស ខណៈមាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំងថា ការប្រជែង​សព្វាវុធ​នៅ​ទីអវកាស​កាន់តែខិត​ជិតមក​ដល់។ នេះបើតាម​ការដកស្រង់ការ​​ផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

ក្នុងឱកាសចូលរួម​សន្នីសីទ​ពហុភាគី​របស់អង្គការ​សហប្រជាជាតិ​ ស្តីពីបញ្ហានៃការគ្រប់គ្រង​ការប្រើប្រាស់​សព្វាវុធ​ លោក Lavrov ​បានលើកឡើងថា វាដល់​ពេលហើយដែលត្រូវ​និយាយអំពី​ការដាក់ពង្រាយ​សព្វាវុធនៅក្នុង​ទីអវកាស ព្រោះបញ្ហា​នេះ​​​​​កំពុងតែ​​​មានសារៈសំខាន់​ខ្លាំងឡើងៗ ដើម្បីទប់ស្កាត់​ការរត់ប្រណាំងសព្វាវុធ​នៅទីអវកាសថែមមួយទៀត។

បើតាមលោក​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី សហរដ្ឋអាមេរិកបានប្រកែក​មិនជជែកចរចា​ អំពីការរារាំង​មិនឲ្យមានការដាក់ពង្រាយ​​អាវុធ​នៅក្នុងទីអវកាស​ឡើយ ហើយ​មិនតែប៉ុណ្ណោះ​ជំនួសឲ្យការឆ្លើយតប​ដែលប្រកបដោយភាពស្ថាបនា បែរជាមានការ​​​លើកឡើង​អំពី​ការបន្តធ្វើតេស្តអាវុធ​នុយក្លេអ៊ែរ​ឡើងវិញ ការដាក់ពង្រាយ​ប្រព័ន្ធវាយប្រហារ​នៅទីអវកាស និងសូម្បីតែអំពីលទ្ធភាព​​នៃ​​ជម្លោះ​នុយ​ក្លេអ៊ែរទៅវិញ។ លោក Lavrov បាន​អះអាងថា អាមេរិកបានត្រៀម​លុយរួចស្រេចទៅហើយ សម្រាប់ការ​អភិវឌ្ឍអាវុធ​​អវកាស។

គួរជម្រាបថា ក្រៅពីនេះ​លោក Sergei Lavrov ក៏បានសម្តែង​ក្តីព្រួយបារម្ភជុំវិញវិបត្តិ​នៃសន្ធិសញ្ញាសញ្ញាគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​​ Intermediate-Range Nuclear Forces ហៅកាត់ថា INF ដែលទីក្រុងវ៉ាស៊ីនតោន​បានចាប់ផ្តើម ដំណើរការ​ដកខ្លួនចេញកាលពីដើម​ខែកុម្ភៈកន្លង​ទៅផងដែរ ព្រោះវាប្រាកដណាស់ជាការត្រៀម​ខ្លួនរត់ប្រណាំងសព្វាវុធ​ប្រភេទនេះ​ឡើងវិញ រវាងមហា​អំណាចយោធា​កំពូលៗ​ទាំងពីរ ហើយចិន​ក៏ហាក់​កំពុងចូលរួម​នៅក្នុងសង្វៀននេះដែរ៕

480×240 Banner