បេសកកម្មថ្មី! NASA គ្រោង​បញ្ជូនយាន​ទៅអាចម៍​ផ្កាយ​យក្ស Pallas ស្ថិត​ចន្លោះ​ភព​ព្រហស្បតិ៍ និង​ភពអង្គារ

172

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA កំពុងពិចារណាប្រើប្រាស់​ថវិកាសម្រាប់​បេសកកម្ម​មួយ ដែលនឹងបញ្ជូន​​យាន​​​ខ្នាត​​តូច​​មួយគ្រឿង ទៅកាន់តំបន់ខ្សែក្រវាត់​អាចម៍ផ្កាយ (Asteriod Belt) ដើម្បីសិក្សាអំពីអាចម៍ផ្កាយ​ធំមួយឈ្មោះថា Pallas ដែលមានមុខកាត់ ឬអង្កត់​ផ្ចិត ៥៤៥គីឡូម៉ែត្រ។ នេះ​បើតាម​ការ​ដកស្រង់ការ​​ផ្សាយចេញពីវែបសាយ​ព័ត៌មាន​វិទ្យាសាស្រ្ត-អវកាស Space នៅរសៀល​ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

ការសម្រេចចិត្ត​លើផែនការ​ខាងលើនឹងត្រូវប្រកាស​ជាផ្លូវការ នៅពាក់កណ្តាល​ខែមេសា​ខាងមុខ។ ប្រសិនបើ​បេសកកម្ម​​ដែល​​​នឹង​ត្រូវហៅថា Athena នេះ ទទួលបាន​ការអនុញ្ញាតនោះ វានឹងដើរតាមគន្លង​ផ្លូវរបស់យាន​អវកាស Dawn ជាយានដែល​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​​ ទៅលើវត្ថុអវកាសធំៗ​​ (ភពបម្រុង) ចំនួនពីរ​នៅតំបន់ Asteriod Belt (តំបន់ចន្លោះភពព្រហស្បតិ៍ និងអង្គារ) គឺ Vesta និង Ceres មុនពេលបេសកកម្ម​របស់​វា​ត្រូវ​បាន​​អង្គការ NASA ប្រកាសបិទបញ្ចប់កាល​ពីដើមខែវិច្ឆកា ឆ្នាំ២០១៨ ដោយសារយាន​នេះ​អស់ឥន្ធនៈ។ បច្ចុប្បន្ន Dawn ​កំពុង​នៅ​​រសាត់​តែល​តោល​ក្បែរៗ​ Ceres។

គួរជម្រាបថា បើតាមអ្នក​វិទ្យាសាស្រ្ត Pallas គឺជា​វត្ថុតែមួយគត់​នៅក្នុងតំបន់ខ្សែក្រវាត់​អាចម៍ផ្កាយ ដែលមាន​លក្ខណៈដូច Vesta ​និង Ceres គឺវាមិនត្រឹមជាអាចម៍ផ្កាយ​ប៉ុណ្ណោះទេ តែជា Protoplanet ពោលគឺជា​អំប្រីយ៉ូ​ភព ដែលត្រូវគេជឿជាក់ថា កំពុងមាន​​ការ​​វិវត្តន៍ប្រែក្លាយទៅជាភពពេញលេញ​មួយ ដូចពេញទាំង ០៨ សព្វថ្ងៃនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

បើ Athena ត្រូវបានជ្រើសរើស បេសកកម្មនេះនឹងត្រូវចេញដំណើរនៅខែសីហា ឆ្នាំ២០២២ ទៅជាមួយ​បេសកកម្ម​មួយទៀត​របស់​ NASA ហៅថា Psyche ដែលត្រូវទៅ​សិក្សាអាចម៍ផ្កាយមួយ​ ដែលមានសមាសធាតុផ្សំស្ទើរតែ​ពីលោហៈទាំងស្រុង៕

480×240 Banner