មិនធ្លាប់មាន! អ្នកវិទ្យាសាស្ត្រអង្កេតឃើញ «ព្យុះខ្មៅយក្សប៉ុនភពផែនដី» ចាប់កំណើតនៅភពណិបទូន (រូបភាពខាងក្នុង)
(អាមេរិក)៖ ទីបំផុតអ្នកវិទ្យាសាស្រ្តបានមើលឃើញជាលើកដំបូង នូវកំណើតនៃ ព្យុះធំមួយក្នុងចំណោមព្យុះយក្សពណ៌ខ្មៅ ដែលគេហៅថា «Great Dark Spot» នៅលើភពណិបទូន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មានវិទ្យាសាស្រ្ត-អវកាស Space នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។
ក្នុងអំឡុងពេលសិក្សាលើបណ្តុំរូបភាព ដែលថតបានដោយកែវយឺតអវកាស Hubble អំពីព្យុះតូចមួយលើណិបទូន ដែលបានលេចឡើងកាលពីឆ្នាំ២០១៥ អ្នកវិទ្យាសាស្រ្ត បានកត់សម្គាល់ឃើញសំណុំពពកពណ៌សភ្លឺៗ កកើតឡើងនៅក្នុងតំបន់មួយផ្សេងទៀត លើភពយក្សដ៏ត្រជាក់នេះ។ នាដើមសប្តាហ៍នេះ អ្នកវិទ្យាសាស្រ្តបានប្រកាសថា មកដល់ឆ្នាំ២០១៨ ព្យុះយក្សពណ៌ខ្មៅមួយ ដែលមានទំហំប៉ុនភពផែនដី ក៏បានចាប់កំណើតឡើងនៅក្នុងតំបន់នោះ។
គួរជម្រាបថា ការរកឃើញខាងលើបានធ្វើឲ្យចំនួនព្យុះ Great Dark Spot ដែលអ្នកវិទ្យាសាស្រ្តបានអង្កេតនៅលើភពណិបទូនកើនដល់ ០៦ ដោយព្យុះ Great Dark Spot ពីរដំបូងគេត្រូវបានយាន Voyager 2 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ប្រទះឃើញអំឡុងការហោះឆ្វែលណិបទូន កាលពីខែសីហា ឆ្នាំ១៩៨៩៕

