អង្គការ NASA រងការព្រមានពីថ្នាក់ដឹកនាំកំពូលអាមេរិក ឲ្យប្រឹងនាំមនុស្សឡើងឋានព្រះច័ន្ទឲ្យបានក្នុងពេល០៥ឆ្នាំ
(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នាថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា អវកាសយានិកអាមេរិកត្រូវត្រឡប់ទៅ ជាន់ដីព្រះច័ន្ទសាជាថ្មីក្នុងរយៈពេល ០៥ឆ្នាំទៀត និងបានព្រមានថា ប្រសិនបើទីភ្នាក់ងារអវកាស NASA សម្រេចគោលដៅនេះមិនបានទេនោះ NASA នឹងត្រូវធ្វើការកែទម្រង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
ថ្លែងក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាជាតិ ស្តីពីវិស័យអវកាសរបស់សហរដ្ឋអាមេរិក លោក Pence បាននិយាយថា គោលដៅបញ្ជូនអវកាសយានិកអាមេរិកឡើងទៅកាន់ផ្ទៃព្រះច័ន្ទ ដូចសហរដ្ឋអាមេរិកធ្លាប់បានធ្វើកាលពីប៉ុន្មានទសវត្សរ៍មុន ក្នុងអំឡុងពេល ចំនួន៥ឆ្នាំខាងមុខ គឺជាគោលនយោបាយចម្បងសម្រាប់វិស័យអវកាស នៃរដ្ឋបាលអាមេរិកបច្ចុប្បន្ន។ ទន្ទឹមនឹងនេះលោក Pence បានព្រមានថា នឹងធ្វើការផ្លាស់ប្តូរ ក្នុងអង្គការ NASA គឺមិនមែនបេសកកម្មឡើយ ប្រសិនបើ NASA ពុំមានសមត្ថភាពសម្រេចផែនការនេះទេនោះ។
គួរជម្រាបថា កាលវិភាគដែលត្រូវបានប្រកាសដោយលោកអនុប្រធានាធិបតីអាមេរិក គឺមានរយៈពេល ០៤ឆ្នាំលឿនជាង គម្រោងនាពេលបច្ចុប្បន្នរបស់ NASA ដែលបានកំណត់ថា នឹងបញ្ជូនអវកាសយានិកទៅកាន់ផ្ទៃព្រះច័ន្ទ នៅឆ្នាំ២០២៨។ បច្ចុប្បន្នគម្រោងធំបំផុតរបស់អង្គការ NASA គឺបង្កើតស្ថានីយច្រកទ្វារឋានព្រះច័ន្ទ Lunar Orbital Platform Gateway ដើម្បីឲ្យព្រះច័ន្ទក្លាយជាស្ថានីយអចិន្ត្រៃយ៍មួយរបស់ NASA ក្នុងឈប់សំចត និងត្រៀមទៅស្រាវជ្រាវកន្លែងផ្សេងៗទៀត ជាពិសេសភពអង្គារ៕

