មួយសន្លឹកនេះមានផ្ទុកផ្កាយ២០០ពាន់លានដួងឯណោះ ថតដោយកែវយឺតអវកាស Hubble

150

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពអស្ចារ្យចំនួនពីរ បានមកពីកែវយឺតអវកាស Hubble ដែលបង្ហាញឲ្យឃើញនូវពន្លឺយ៉ាងចែង នៃកាឡាក់ស៊ី និងកញ្ចុំផ្កាយក្នុងទីអវកាស ហើយមួយសន្លឹកដ៏ពិសេសជាងគេនោះមានផ្ទុកផ្កាយ​រហូតដល់ទៅ ២០០ពាន់លានដួងឯណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានអវកាស-វិទ្យាសាស្រ្ត Space នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។

ក្នុងចំណោមនោះរូបភាពទីមួយ បង្ហាញពីកាឡាក់ស៊ីឈ្មោះថា Messier 49 ដែលមានផ្ទុកនូវផ្កាយប្រមាណ ២០០ពាន់លានដួង ប៉ុន្តែ ក្នុងរូបភាពនេះយើងមិនអាចមើលឃើញផ្កាយមួយចំនួនធំ។ ផ្កាយភាគច្រើននៅក្នុងកាឡាក់ស៊ីនេះ មានចំណាស់ប្រហែល ០៦ពាន់លានឆ្នាំ ហើយនៅកណ្តាលវាក៏មានប្រហោងខ្មៅយក្ស (Supermassive Black Hole) ដែលមានម៉ាសស្មើនឹងព្រះអាទិត្យ ៥០០លានដង។ កាឡាក់ស៊ី Messier 49 ស្ថិតនៅចម្ងាយ ៥៦លានឆ្នាំពន្លឺពីផែនដី។

សម្រាប់រូបភាពទីពីរវិញ គឺជាកញ្ចុំផ្កាយ Messier 28។ បើធៀបជាមួយកាឡាក់ស៊ី Messier 49 គឺកញ្ចុំផ្កាយ Messier 28 ស្ថិតនៅកៀកនឹងយើងគឺត្រឹម ១៨,០០០ឆ្នាំពន្លឺប៉ុណ្ណោះ (Messier 28 ស្ថិតនៅក្នុងកាឡាក់ស៊ី​ជាមួយយើងដែរ) ។ ហេតុនេះហើយកែវយឺតអវកាស Hubble អាចឆ្លុះមើលឃើញ យ៉ាងលម្អិតពីពន្លឺនៃដួងផ្កាយនីមួយនៅក្នុងកញ្ចុំផ្កាយ Messier 28៕

 

480×240 Banner