លទ្ធផលសិក្សាថ្មី៖ ភពអង្គារ​ពីមុនមានដងទន្លេធំៗជាង​លើផែនដី​ទៀត និងប្រហែល​មិនខ្វះ​ទឹក​ឡើយ!

156

(វ៉ាស៊ីនតោន)៖ ការសិក្សាថ្មីមួយបានបង្ហាញថា ភពអង្គារ (Mars) ធ្លាប់មានទន្លេធំៗជាទន្លេលើភពផែនដីទៅទៀត​​ ទោះបន្ទាប់ពីពេលដែលភពនេះបានបាត់ស្រទាប់បរិយាកាសភាគច្រើនបំផុត​របស់វា​ ទៅក្នុងទីអវកាសក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ​ព័ត៌មានអវកាស-វិទ្យាសាស្រ្ត Space នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

កាលពីប្រមាណ ៣.៧ពាន់លានឆ្នាំមុន ភពអង្គារបានបាត់បង់ស្រទាប់បរិយាកាស​ស្ទើរតែទាំងស្រុង ដោយសារតែភាគល្អិតសាយ ភាយមកពីព្រះអាទិត្យ។ កាលនោះស្រទាប់បរិយាកាសរបស់ Mars មានលក្ខណៈស្តើងជាងផែនដីឆ្ងាយណាស់ ប៉ុន្តែយោងតាមលទ្ធផលសិក្សាថ្មីមួយ ដងទន្លេរបស់ភព​ដែលបច្ចុប្បន្នមានពណ៌ក្រហមនេះ គឺទំនងជាមិនបានរីងស្ងួតភ្លាមៗឡើយ រហូតទាល់តែមកដល់ប្រមាណតិចជាង ០១ពាន់លានឆ្នាំមុន ហើយ ផ្លូវទឹកទាំងនោះជាមធ្យម​មានទំហំធំៗ (ទទឹង) ជាងទន្លេនៅលើភពរបស់យើងទៅទៀត។

គួរជម្រាបថា មកទល់ពេលនេះ​អ្នកវិទ្យាសាស្រ្តនៅតែត្រូវខិតខំ សិក្សាស្វែងយល់ច្រើនថែមទៀត អំពីដំណើរវិវត្តន៍នៃអាកាសធាតុរបស់ភពអង្គារ។ នៅខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA និងបញ្ជូនយានរុករកថ្មីមួយគ្រឿងទៀត ដើម្បីទៅសិក្សាលើអតីតតំបន់​ដីសណ្តរចំណាស់មួយ ដែលស្ថិតនៅក្នុងរណ្តៅ​ចេហ្សែរ៉ូ (Jezero) របស់ភពអង្គារ៕

480×240 Banner