គ្រឿងយន្តហោះហើរមួយនេះបញ្ចប់តេស្តដោយជោគជ័យ និងគ្រោងបញ្ជូនទៅភពអង្គារនៅឆ្នាំ២០២០-២០២១
(ឡូសអាន់ជែឡែស)៖ ឧទ្ធម្ភាគចក្រដែលទីភ្នាក់ងារអវកាសអាមេរិក NASA គ្រោងយកទៅកាន់ភពអង្គារនោះ នៅទីបំផុតបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ នូវប្រព័ន្ធដំណើរការស្វ័យប្រវត្តិ និងការហោះហើរជាក់ស្តែង ក្នុងលក្ខខណ្ឌដែលត្រូវបានបង្កើតឡើងឲ្យស្រដៀងទៅនឹងភពព្រះអង្គារតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។
ការរៀបចំដំណើរការតេស្តរបស់វា ត្រូវបានចាប់ផ្តើមឡើងកាលពីចុងខែមករា ឆ្នាំ២០១៩ ៨ខែបន្ទាប់ពីការប្រកាសគម្រោងនៃការបញ្ជូនឧទ្ធម្ភាគចក្រខ្នាតតូចនេះ ទៅកាន់ភពព្រះអង្គារ ដែលនឹងបាញ់បញ្ជូនចេញពីផែនដីនៅអំឡុងឆ្នាំ២០២០ ឬឆ្នាំ២០២១ខាងមុខ ខណៈដែលវាត្រូវបានគេកំណត់មិនឲ្យមានទម្ងន់លើស ១.៨គីឡូក្រាមនោះឡើយ។
វានឹងក្លាយជាគ្រឿងយន្តហោះហើរខ្នាតតូច ដែលអាចបណ្តែតខ្លួនវានៅក្នុងខ្យល់អាកាសរបស់ភពអង្គារ ហើយវាក៏ជាគ្រឿងយន្តក្នុងការធ្វើតេស្តផងដែរថា តើអាចមានយន្តហោះណា មានសមត្ថភាពធ្វើការហោះហើរ នៅក្នុងបរិយាកាសភពអង្គារ ដែលស្តើងជាងបរិយាកាសផែនដីរហូតដល់ទៅជិត ១០០ដងនោះ បានដែរឬទេ។
បញ្ហាបច្ចេកទេស នៃការផលិតគ្រឿងយន្តដែលអាចហោះហើរបាននេះ ពិតជារឿងមួយដែលលំបាក ខណៈដែលអង្គការ NASA បានចំណាយពេលរហូតដល់ទៅជាង ៤ឆ្នាំ មកហើយសម្រាប់គំរោងមួយនេះ ដែលត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ តែបើជោគជ័យវិញ វានឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេង។ ឧទ្ធម្ភាគចក្រគឺមានផ្ទុកទៅដោយថ្មប្រភេទ Lithium-ion ដែលអាចសាកបានដោយប្រើថាមពលព្រះអាទិត្យ ហើយវាក៏មានបំបាក់ម៉ាស៊ីនកម្តៅខ្លួនវាផងដែរ ដែលអាចតស៊ូបាននឹងស្ថានភាពពេលយប់ ដែលអាកាសធាតុចុះត្រជាក់ខ្លាំងបំផុតនោះ។
បន្ថែមពីលើនេះទៀត គឺភពអង្គារមានទំនាញខ្សោយ និងបរិយាកាសស្តើងមែនទែន ព្រមទាំងមានផ្ទុះធូលីដ៏ខ្លាំងក្លាថែមទៀត ដូច្នេះវាពិតជារឿងស្មុគស្មាញណាស់ ក្នុងការផលិតចេញនូវឧទ្ធម្ភាគចក្រដែលមានខ្នាតតូច តែអាចចល័តខ្លួនលើបរិយាកាសដែលស្តើង ដែលអាចទប់ទល់នឹងព្យុះធូលីបែបនោះ។ ដូចដែលយើងដឹងហើយថា សូម្បីពេលអាកាធាតុអាក្រក់លើផែនដី ក៏ឧទ្ធម្ភាគចក្រខ្លះលើផែនដី មិនអាចទាំងទប់ទល់បានផង ចុះទម្រាំព្យុះធូលីលើភពអង្គារ និងគ្មានមនុស្សបញ្ជាផ្ទាល់នោះ?
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រកូនកាត់ខ្នាតតូចខាងលើនេះ មានឈ្មោះថា MH (Mars Helicopter) គឺនឹងក្លាយជាជោគជ័យធំមួយទៀតរបស់អង្គការ NASA នៅថ្ងៃអនាគត ដើម្បីធ្វើការសិក្សាក្នុងវិធីថ្មីប្លែកមិនធ្លាប់មាន នោះគឺការហោះក្នុងបរិយាកាស មិនខុសពីឧទ្ធម្ភាគចក្រ ឬដ្រូនហោះនៅក្នុងបរិយាកាសផែនដីនោះឡើយ ព្រោះវានឹងអាចចល័តក្នុងខ្យល់ទៅកាន់តំបន់ផ្សេងៗ ដែលមានស្ថានភូមិសាស្ត្រលំបាកៗ ដែលយានរុករកលើដីមិនអាចចល័តទៅដល់៕

