រកឃើញកាឡាក់ស៊ីពីរគ្មានសារធាតុ Dark Matter ដែលនាំឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល!
(វ៉ាស៊ីនតោន)៖ សារធាតុងងឹត (Dark Matter) ដែលអ្នកវិទ្យាសាស្រ្តជឿជាក់ថា ជាសមាសធាតុផ្សំចម្បងមួយនៅក្នុងចក្រវាឡយើង ទំនងជាពុំមានវត្តមានក្នុងកាឡាក់ស៊ីធំៗចំនួនពីរ ដែលប្រការនេះបានបង្កភាពភ្ញាក់ផ្អើលដល់ ក្រុមតារាវិទូជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។
ខណៈអ្នកវិទ្យាសាស្រ្តជឿថា ចក្រវាឡស្ទើរតែទាំងស្រុងត្រូវបានបង្កើតឡើង ដោយសារធាតុ Dark Matter រួមជាមួយដៃគូរបស់វា គឺថាមពលងងឹត (Dark Energy) នោះ ការរកឃើញថាវត្ថុដ៏ធំល្វឹងល្វើយនៅក្នុងចក្រវាឡដូចជា កាឡាក់ស៊ីមានសារធាតុនេះតិច តួច ឬក៏ពុំមានសោះតែម្តងបែបនេះ គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកវិទ្យាសាស្រ្ត។
គួរជម្រាបថា បើតាមអង្គការ NASA ប្រមាណជា ៦៨ភាគរយនៃចក្រវាឡ គឺរួមផ្សំឡើងពីថាមពល Dark Energy និ ង២៧ភាគរយ មកពីសារធាតុ Dark Matter ខណៈ០៥ភាគរយទៀត គឺបានមកពីអ្វីៗដែលយើងស្គាល់តាមក្បួនច្បាប់រូបវិទ្យា។ ដូច្នេះការកំណត់បានកាឡាក់ស៊ីដែលគ្មានសារធាតុនេះ គឺទ្វារមួយសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ សិក្សារកមូលហេតុនេះបន្តទៀត៕

