មិនគួរឲ្យជឿ! តាមពិត «មនុស្សបានបង្កើតខែលការពារផែនដី ពីរលកវិទ្យុសកម្មរបស់ព្រះអាទិត្យ» ដោយចៃដន្យ!

183

(អាមេរិក)៖ យោងតាមការវិភាគ​ ដែលទទួលបានពី​យានអវកាស​របស់អង្គការ NASA សកម្មភាពរបស់​មនុស្សលោក​យើង​ពិតជាបានបង្កើត​ ខែលការពារសិប្បនិម្មិត​មួយនៅជុំវិញផែនដី ហើយវាប្រហែល​ជាអាចការពារភព​របស់យើង ពីថាមពលវិទ្យុសកម្ម​ដ៏មានឥទ្ធពល​ពីទីអវកាស​ថែមទៀតផង។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

រនាំងខែលការពារ​ដែលទៅមកមិនទៀងទាត់​នេះ គឺលទ្ធផលបាន​មករលកវិទ្យុសញ្ញាទាក់ទង​កម្រិតទាប VLF ដែលត្រូវបានប្រើប្រាស់​សម្រាប់​ការទំនាក់ទំនង​ជាមួយនាវាមុជទឹក ដែលស្ថិតនៅយ៉ាងជ្រៅ​ក្រោមផ្ទៃនៃ​មហាសមុទ្រ ធ្វើអន្តរកម្មជាមួយ​ភាគល្អិតនៃទីអវកាស។ ខែលការពារ​នេះ ត្រូវបានបង្កើតឡើង​នៅពេលដែល​រលកសញ្ញា VLF អណ្តែតឡើងខ្ពស់​ទៅកាន់បរិយាកាស ហើយកកើតចេញជាអ្វីដែលក្រុមអ្នកវិទ្យាសា​ស្រ្ត​ហៅថា «ពពុះ VLF​» ដែលធ្វើអន្តរកម្ម​ជាមួយតំបន់ចុង​ផ្នែកខាងក្នុង នៃខ្សែក្រវាត់វិទ្យុសកម្ម Van Allen ហ៊ុមព័ទ្ធជុំវិញ​ផែនដីរបស់យើ​ង ​ដោយ​ភាគល្អិតអគ្គិសនីបង្កើត​ឡើងដោយ​កម្លាំងព្យុះ​ព្រះអាទិត្យ។

គួរបញ្ជាក់ថា បើតាមអ្នកវិទ្យាសាស្រ្ត​របស់ទីភ្នាក់ងារ​អវកាស NASA ប្រការនេះនឹងអាច​ផ្តល់សារៈប្រយោជន៍​ដ៏ល្អ​សម្រាប់ភពរបស់យើង ដោយ​សារតែ​ខែលសិប្បនិម្មិតមួយនេះ ទំនងជាអាចការពារ​វាប្រឆាំងនឹងព្យុះ​ដែនម៉ាញេទិច បង្កឡើងដោយ​បន្ទុះដ៏ខ្លាំងក្លាមកពីព្រះ​អាទិត្យ ដែល​មានផលអាក្រក់អាច​ធ្វើឲ្យគាំងផ្កាយរណប​ទាក់ទង ឬមួយក៏ស្ថានីយ៍​ផ្គត់ផ្គង់​ថាមពលអគ្គិសនី​ នៅលើភពផែនដីបាន។

NASA បានលើក​ឡើងថា​ រនាំងខែលការពារ​វិទ្យុសកម្មនេះ អាចយកប្រើប្រាស់​ដើម្បីកាត់បន្ថយ​រលកវិទ្យុសកម្ម ដែលលើសលប់ចេញ​ពីតំបន់ជុំវិញផែនដី​បាន ហើយការ​ធ្វើតេស្តជាច្រើន ក៏ត្រូវបានរៀបចំ​ឡើងសម្រាប់កំណត់ថា តើវាជារឿង​អាចទៅរួចប្រាកដមែនដែរ ឬយ៉ាងណា​ថែមទៀតផង៕

480×240 Banner