ចង់ទៅស្រាវជ្រាវព្រះច័ន្ទចម្លែក Triton នៃភពណិបទូនឬអត់? ក្រុមអ្នកវិទ្យាសាស្ត្រមានគម្រោងធំពីរ…
(អាមេរិក)៖ ព្រះច័ន្ទ Triton របស់ភពណិបទូន គឺជាដែនដីដ៏ចម្លែកបំផុតមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យ ហេតុនេះហើយទើបអ្នកវិទ្យាសាស្រ្ត កំពុងសិក្សាលើគំនិតនៃបេសកកម្ម ដែលអាចឲ្យពួកគេស្វែងយល់ពីវាបានលម្អិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានវិទ្យាសាស្រ្តនិងអវកាស Space នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។
Triton គឺជាព្រះច័ន្ទដ៏ធំមួយ និងធំបំផុតលំដាប់ទី ៧ នៅក្នុងប្រព័ន្ធព្រះអាទិត្យ បើតាមអ្នកវិទ្យាសាស្រ្ត ព្រះច័ន្ទ Triton ពីដំបូងឡើយ បានកើតចេញមកពីតំបន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) មុនពេលដែលវាទៅស្ថិតនៅក្នុងគន្លងគោចរជុំវិញ ភពដែលនៅឆ្ងាយបំផុតប្រចាំប្រព័ន្ធ ផ្កាយរបស់យើង គឺភពណិបទូននេះ។
គួរជម្រាបថា ខណៈនេះក្រុមអ្នកវិទ្យាសាស្រ្តមានគំនិតចម្បងៗចំនួនពីរ ដើម្បីសិក្សាអំពីព្រះច័ន្ទ Triton នោះគឺទីមួយ បញ្ជូនយានមួយគ្រឿង ចេញពីផែនដីនៅឆ្នាំ២០២៥ សម្រាប់បេសកកម្មហោះឆ្វែល Flyby ហើយទៅដល់គោលដៅនៅឆ្នាំ២០៣៨។ ពេលទៅដល់យានអវកាសនោះ ត្រូវអ្នកវិទ្យាសាស្រ្តអះអាងថា នឹងអាចផ្តិតយករូបភាពនៃផ្ទៃរបស់ព្រះច័ន្ទ Triton ក្នុងពេលហោះកាត់តែមួយលើកប៉ុណ្ណោះ តែត្រូវការបច្ចេកទេសយ៉ាងហ្មត់ចត់។
គំនិតទីពីរគឺផលិតយានមួយ ដែលនឹងត្រូវបាញ់បង្ហោះនៅឆ្នាំ២០២៩ ហើយចុះទៅដល់ Triton នៅអំឡើងដើមទសវត្សរ៍២០៤០។ យាននោះនឹងផ្លាស់ទីនៅលើផ្ទៃរបស់ព្រះច័ន្ទដ៏ត្រជាក់នេះ តាមរយៈប្រព័ន្ធបង្កើតការលោត ដើម្បីសិក្សាទៅលើស្រទាប់ទឹកកក និងបរិយាកាសដែលអាចកើតមានរបស់វា៕

