តោះមកតាមដានព្រឹត្តិការណ៍លើមេឃ ប្រចាំខែមេសា ឆ្នាំ២០១៩! តើភពណាបង្ហាញខ្លួនខ្លះ?
(អាមេរិក)៖ ក្រៅពីព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ នៅមានវត្ថុសំខាន់ៗចំនួន ០៥ផ្សេងទៀត ដែលមានភាពលេចធ្លោនៅលើផ្ទៃមេឃ នោះគឺភពពុធ (Mercury), ភពសុក្រ (Venus), ភពអង្គារ (Mars), ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn)។ នៅលើផ្ទៃមេឃ ភពទាំងនេះមើលទៅគឺជាប្រៀបដូចជាផ្កាយមានពន្លឺចែងចាំង តែវាមានពន្លឺនឹងនរ (មិនព្រិចៗនោះឡើយ) ដែលងាយធ្វើឲ្យយើងចំណាំថា ពួកវាគឺជាភពមិនមែនផ្កាយ។
ក្នុងចំណោមនោះ Venus គឺជាភពភ្លឺជាងគេបង្អស់ សូម្បីតែក្នុងចំណោមផ្កាយធំៗ ដែលកំពុងចែងចាំងលើផ្ទៃមេឃមួយគ្នាក៏ដោយ និងពេលខ្លះអាចមើលឃើញនៅពេលថ្ងៃថែមទៀត ប្រសិនបើយើងប្រឹងទស្សនានៅពេលមេឃខៀវស្រងាត់។ រីឯ Jupiter ក៏ជាភពមានពន្លឺជាងផ្កាយដែរ ខណៈភព Mars វិញមានភាពប្រែប្រួលមិនទៀងទាត់ ដោយពេលខ្លះភ្លឺស្មើពន្លឺរបស់ Jupiter និងពេលខ្លះខ្សោយជាង។ ចំណែកភព Mercury និង Saturn គឺមិនដែលមានពន្លឺភ្លឺស្មើនឹងភព Jupiter នោះឡើយ ប៉ុន្តែនៅតែភ្លឺជាងផ្កាយមួយចំនួនធំផងដែរ នៅលើផ្ទៃមេឃស្រឡះពេលរាត្រី។
ក្នុងខែមេសានេះ ភពដែលមានវត្តមានតែឯងនាពេលល្ងាច និងយប់ គឺភព Mars នៅផ្ទៃមេឃភាគខាងកើត ហើយវានឹងលិចទៅវិញនៅមុនពាក់កណ្តាលអាធ្រាត្រ។ ក្រោយពេល Mars បាត់ចេញពីផ្ទៃមេឃ គឺដល់ពេលភព ០៤ទៀតម្តង ដោយដំបូងគេគឺភព Jupiter ដោយវានឹងចាប់ផ្តើមបង្ហាញខ្លួននៅមួយម៉ោង ក្រោយឈានចូលដល់ពាក់កណ្តាលអាធ្រាត្រ លើផ្ទៃមេឃភាគខាងកើត។
ប៉ុន្មានម៉ោងបន្ទាប់មកទៀត ក៏មានវត្តមានរបស់ Saturn នៅផ្ទៃមេឃភាគអាគ្នេយ៍។ រហូតមកជិតនឹងពេលព្រលឹម Venus នឹងលេចឡើងនៅលើផ្ទៃមេឃជាមួយភពទាំងពីរនេះ នៅទាបក្បែរជើងមេឃ នៅម្តុំនៃផ្ទៃមេឃភាគខាងកើត។ រីឯចុងក្រោយគេគឺ Mercury ប៉ុន្តែវាពិបាកមើលឃើញបន្តិច ព្រោះវាកៀកនឹងបង្ហាញខ្លួននៅលាយឡំជាមួយពន្លឺ នាពេលថ្ងៃរៀបនឹងរះឡើង (ព្រលឹមស្រាង) ដែលតម្រូវឲ្យយើងរកទីខ្ពស់មេឃស្រឡះទើបអាចមើលដឹងពីវត្តមានរបស់វា៕
ប្រភព៖ វែបសាយព័ត៌មានអវកាស-វិទ្យាសាស្រ្ត Space
ដកស្រង់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩

