រកឃើញឧស្ម័នមេតានយ៉ាងពិតប្រាកដលើភពអង្គារ! ក្រុមអ្នកវិទ្យាសាស្ត្រកំពុងសិក្សាបន្ថែម!
(អឺរ៉ុប)៖ ក្រុមការងារបេសកកម្មនៃផ្កាយរណបរបស់អឺរ៉ុប ដែលកំពុងគោចរនៅជុំវិញភពអង្គារ (Mars) ទើបបានបង្ហើបឲ្យដឹងថា ពិតជាមានការបញ្ចេញឧស្ម័នមេតាន នៅលើផ្ទៃនៃភពក្រហមនេះប្រាកដមែន ដែលនាំឲ្យក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។
សញ្ញាយ៉ាងកញ្រ្ចោលមួយនៃការបញ្ចេញឧស្ម័នមេតាន ត្រូវបានស្ទាបស្ទង់ឃើញជាលើកដំបូងដោយយានរុករក Curiosity របស់ទីភ្នាក់ងារ អវកាសអាមេរិក NASA ដែលកំពុងស្ថិតនៅលើផ្ទៃដីរបស់ភពអង្គារផ្ទាល់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ ហើយនៅថ្ងៃបន្ទាប់ផ្កាយរណប Mars Express របស់អឺរ៉ុប ដែលកំពុងគោចរជុំវិញ Mars បានផ្ទៀងផ្ទាត់ទិន្នន័យឃើញថា ពិតជាមានហេតុការណ៍នេះមែន។
គួរជម្រាបថា ប្រភពនៃមេតាននៅក្នុងបរិយាកាសរបស់ភពអង្គារ បានបន្តស្ថិតក្រោមការជជែកដេញដោលគ្នាយ៉ាងក្តៅគគុក នៅក្នុងសហគមន៍អ្នកវិទ្យាសាស្រ្តលើភពផែនដី ដោយសារតែវាអាចកើតចេញមកពីទម្រង់ជីវិត ឬមួយក៏បាតុភូតភូមិសាស្រ្ត ដែលមិន ទាន់មានការកំណតឲ្យជាក់ច្បាស់ថា មួយណាឲ្យប្រាកដនៅឡើយទេ។ ជាទូទៅឧស្ម័នមេតាន មានវត្តមានតែមួយរយៈពេលខ្លី ពោលគឺប៉ុន្មានខែប៉ុណ្ណោះ នៅក្នុងបរិយាកាសនៃភពអង្គារ ដូច្នេះហើយការប្រទះឃើញសញ្ញានៃវត្តមានរបស់វាបែបនេះ មានន័យថា ឧស្ម័នមេតាននោះទើបតែត្រូវបានបញ្ចេញ៕

