មិនធម្មតាមែន! យានជប៉ុន Hayabusa2 ទម្លាក់គ្រាប់បែកលើអាចម៍ផ្កាយ Ryugu ដើម្បីយកគំរូតាងវាមកផែនដី!
(តូក្យូ)៖ ទីភ្នាក់ងារអវកាសជប៉ុន JAXA បានប្រកាសថា យានអវកាស Hayabusa2 របស់ខ្លួន បានបាញ់គ្រឿងផ្ទុះមួយ ទៅកាន់ផ្ទៃរបស់អាចម៍ផ្កាយ Ryugu ដើម្បីបង្កើតជារណ្តៅនៅទីនោះ ហើយប្រមូលយកគំរូស្លាកស្នាមនៃដីស្រទាប់ផ្នែកខាងក្រោមរបស់វា ក្រោមគោលដៅស្វែងរកពីតំរុយ ដែលអាចបកស្រាយអំពីដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានថៃបាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
បើតាមទីភ្នាក់ងារអវកាស JAXA បេសកកម្មនាថ្ងៃសុក្រនេះ គឺជារឿងប្រថុយប្រថានបំផុតសម្រាប់យាន Hayabusa2 ព្រោះវាត្រូវតែគេចខ្លួនឲ្យបានឆាប់ ដើម្បីកុំឲ្យទទួករងការប៉ះទង្គិចពីកម្ទេចកម្ទីរ ដែលខ្ទាតចេញការបំផ្ទុះនោះ។ គ្រឿងផ្ទុះដែល Hayabusa2 បានទម្លាក់ទៅលើផ្ទៃអាចម៍ផ្កាយ Ryugu មានទំហំប៉ុនកូនបាល់ Baseball និងមានទម្ងន់ ០២គីឡូក្រាម (ទម្ងន់លើផែនដី)។
កិច្ចការបន្ទាប់ទៀត ទីភ្នាក់ងារអវកាស JAXA នឹងបញ្ជូនយាន Hayabusa2 ឲ្យត្រឡប់ទៅអង្កេតមើលកន្លែងបំផ្ទុះ ហើយប្រមូលយក គំរូតាងពីផ្ទៃស្រទាប់ផ្នែកខាងក្រោម ដែលមិនធ្លាប់បានទទួលរងឥទ្ធិពលពីពន្លឺព្រះអាទិត្យ ឬក៏កាំរស្មីផ្សេងៗក្នុងទីអវកាសឡើយ។ អ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមថា គំរូស្លាកស្នាមទាំងនេះនឹងផ្តល់សារសំខាន់ជាខ្លាំង ក្នុងការស្វែងយល់ពីប្រវត្តិរបស់អាចម៍ផ្កាយ Ryugu និងដើមកំណើតនៃភព ក៏ដូចជាប្រព័ន្ធអាទិត្យទាំងមូល។
គួរជម្រាបថា បើតាមការគ្រោងទុក ចុងឆ្នាំ២០១៩នេះ យាន Hayabusa2 ត្រូវចាកចេញពីអាចម៍ផ្កាយ Ryugu ដែលស្ថិតនៅចម្ងាយ ប្រមាណ ៣០០លានគីឡូម៉ែត្រពីផែនដី ហើយនាំយកគំរូតាងដែលវាប្រមូលបាន យកមកដល់ផែនដីវិញនៅខែធ្នូ ឆ្នាំ២០២០៕

