ជយោ! «ការបង្កាត់ពូជសត្វកណ្តុរនៅទីអវកាស ទទួលបានជោគជ័យហើយ» ប៉ុន្តែសម្រាប់មនុស្សវិញ គឺមិនទាន់មានការពិសោធន៍ទេ!
(បរទេស)៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ មេជីវិតឈ្មោលរបស់សត្វកណ្តុរ ដែលបានទទួលរងឥទ្ធិពលវិទ្យុសកម្ម Cosmic Radiation នៅលើស្ថានីយ៍អវកាសអន្តរជាតិ ISS អស់រយៈពេលជិត ៣០០ថ្ងៃនោះ ត្រូវបានប្រើប្រាស់សម្រាប់ការបង្កាត់ពូជ បង្កកំណើតឲ្យសត្វកណ្តុរជំនាន់ក្រោយនៅលើផែនដី ប្រកបដោយសុខភាពល្អធម្មតា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីគេហទំព័រ The Atlantic នៅយប់ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
កាលពីខែសីហា ឆ្នាំ២០១៣ ក្រុមអ្នកសិក្សាស្រាវជ្រាវបានបញ្ជូនគំរូមេជីវិតឈ្មោល (ស្ពើម) សត្វកណ្តុរដែលត្រូវបានបង្កកឲ្យស្ងួត ទៅកាន់ស្ថានីយ៍អវកាស ISS ដោយទីភ្នាក់អវកាសជប៉ុន JAXA។ ពួកគេប្រើប្រាស់ស្ពើមបង្កកឲ្យស្ងួតយ៉ាងដូច្នេះ ពីព្រោះតែគំរូបែបនេះ អាចមានសមត្ថភាពទប់ទល់ជាមួយសីតុណ្ហភាពរបស់បន្ទប់ស្តុកទុក ដោយគ្មានបញ្ហានោះឡើយ បានរហូតដល់ទៅពីរឆ្នាំឯណោះ ហើយនឹងងាយយកមកធ្វើការប្រើប្រាស់វិញនៅលើភពផែនដី ដោយពុំមានការខូចខាតអ្វី។ មួយវិញទៀតពួកវាមានតម្លៃថោកក្នុងការដឹកជញ្ជូន។
នៅពេលដែលមេជីវិតសត្វកណ្តុរឈ្មោល បានទៅដល់លើស្ថានីយ៍អវកាសអន្តរជាតិ គំរូស្ពើមទាំងនោះត្រូវបានរក្សាទុក នៅក្នុងសីតុណ្ហភាពប្រមាណជាក្រោម៩៥អង្សាសេ ហើយសម្រាប់រយៈពេល២៨៨ថ្ងៃ ពួកវាបានប៉ះពាល់ជាមួយបរិស្ថាន Mucrogravity នៅលើស្ថានីយ៍ ISS ជាទីកន្លែងដែលអ្វីស្ថិតនៅទីនោះដូចជាស្ពើមសត្វកណ្តុរ និងក្រុមអវកាសយានិក បានទទួលរងឥទ្ធិពល Cosmic Radiation ក្នុងកម្រិតខ្លាំងជាង ១០០ដងបើធៀបនឹងផែនដី។
ក្រោយមកមេជីវិតសត្វកណ្តុរទាំងនោះ បានវិលត្រឡប់តាមរយៈគ្រាប់រ៉ុក្កែតកាលពីខែឧសភា ឆ្នាំ២០១៤ ហើយត្រូវបានអ្នកវិទ្យាសាស្រ្តនៅឯប្រទេសជប៉ុន យកទៅពិសោធន៍ដើម្បីបង្កាត់ចេញពីកូនសត្វកណ្តុរជំនាន់ក្រោយ ដែលប្រកបដោយសុខភាពល្អធម្មតា ហើយបើធៀបទៅនឹងកូនសត្វកណ្តុរដែលចាប់កំណើតចេញពីស្ពើម ដែលស្ថិតនៅលើផែនដីវិញនោះ គឺពុំមានភាពខុសប្លែកគ្នាប៉ុន្មាននោះឡើយ បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ ទៅលើកោសិកាខួរក្បាល សរីរាង្គ និងការធ្វើតេស្តហ្សែនជាដើម។
បន្ទាប់មកទៀតក្រុមអ្នកសិក្សាស្រាវជ្រាវ ក៏បានបង្កាត់កណ្តុរអវកាសទាំងនោះ ក្រោយពីពួកវាបានពេញវ័យ ហើយកូនៗរបស់ពួកវាក៏មានសុខភាពល្អធម្មតាផងដែរ ជាហេតុបង្ហាញឲ្យឃើញថា ការទទួលរងឥទ្ធិពលក្នុងទីអវកាស ពុំបានជះផលប៉ះពាល់អវិជ្ជមានដល់សុខភាពបង្កកំណើតនោះទេ។
ក៏ប៉ុន្តែទោះបីជាកូនសត្វកណ្តុរ បានកើតមកមានសុខភាពល្អធម្មតាយ៉ាងណាក្តី DNA របស់ស្ពើមទាំងនោះបានទទួលរងការខូចខាត នៅក្រោយរយៈពេល០៩ខែក្នុងទីអវកាស។ ប្រការនេះស្តែងឲ្យឃើញអំពីហានិភ័យ នៃការធ្វើដំណើររយៈពេលយូរក្នុងលំហអាកាស។ ស្ថានីយ៍អវកាសអន្តរជាតិ ISS បាននិងកំពុងធ្វើដំណើរ នៅក្នុងដែលម៉ាញេទិចរបស់ភពផែនដី ដែលរារាំងទប់ស្កាត់នូវ រលកវិទ្យុសកម្ម Cosmic Radiation ដ៏អាក្រក់ៗបំផុតរបស់អវកាស។
បើសិនជាមនុស្សយើងចង់ចាប់ផ្តើមជីវិតនៅក្រៅរង្វង់នេះ អ្នកសិក្សាស្រាវជ្រាវបានគូសបញ្ជាក់ថា ពួកគេនឹងត្រូវការបច្ចេកវិទ្យាបង្កកំណើត ដែលមានសមត្ថភាពថែរក្សា និងការពារកោសិកាពីបរិស្ថានអាក្រក់នៃទីអវកាស សម្រាប់ខ្លួនពួកគេផ្ទាល់ ព្រមទាំងសត្វទាំងឡាយណា ដែលពួកគេប្រហែលជាចង់នាំយកទៅជាមួយ។
យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តមានការសង្ស័យថា កង្វះនៃទំនាញផែនដី នឹងជះផលប៉ះពាល់ដល់ការមានផ្ទៃពោះរបស់មនុស្ស ហើយពួកគេបានដឹងទៀតថា ការប្រឈមជាមួយរលកវិទ្យុសកម្ម នឹងបង្កើនហានិភ័យនៃការកើតជំងឺមហារីក នៅក្នុងខ្លួនក្រុមអវកាសយានិក រួមបញ្ចូលទាំងសរីរាង្គបន្តពូជផងដែរ ហើយមួយវិញទៀតបុរសណា ដែលបានចំណាយពេលនៅក្នុងទីអវកាស ទំនងជានឹងអាចជួបឱកាសមានកូនស្រី ជាមួយភរិយា ជាជាងកូនប្រុស៕