បើមនុស្សនៅតែប្រឹងឈ្លោះគ្នានោះគ្រប់យ៉ាងនឹងរលំរលាយ ដូចពួកអេលៀននៅជ្រុងណាមួយ នៃចក្រវាឡនេះមិនខាន
(អាមេរិក)៖ សម្រាប់អ្នកដែលមិនទាន់បានសិក្សាអំពីមេរៀន នៃការផុតពូជអរិយធម៌អេលៀន (Alien) ថ្ងៃណាមួយអ្នកប្រាកដជាជាន់ដានចាស់របស់ពួកគេជាក់ជាមិនខាន។ មនុស្សលោកនៅលើភពផែនដីនេះ ហាក់កំពុងតែដើរនៅលើផ្លូវដ៏គ្រោះថ្នាក់មួយ ព្រោះយើងបានផលិតអាវុធប្រល័យលោក យ៉ាងច្រើនក្រាស់ក្រែល គ្រប់គ្រាន់នឹងអាចបំផ្លាញជីវិតទាំងអស់លើផែនដីជាច្រើនដង ព្រមទាំងសកម្មភាពនានា ដែលបានបំផ្លាញបរិយាកាសភពដ៏ប្រពៃមួយនេះ រាប់ទសវត្សរ៍មកហើយដែរ។

ខណៈដែលមនុស្សហាក់មិនបានបង្ហាញនូវការខ្វាយខ្វល់គ្រប់គ្រាន់ ចំពោះជោគវាសនានៅថ្ងៃអនាគតនៃជីវិតទាំងអស់លើផែនដី ហើយបែរជាប្រឹងតែដណ្តើមឥទ្ធិពលគ្នា និងឈ្លោះទាស់ទែងគ្នា ក្តីអន្តរាយនឹងខិតជិតកាន់តែលឿនជាក់ជាមិនខាន។ ទង្វើរបស់មនុស្សលោកសព្វថ្ងៃនេះ ក៏ជាកត្តាមួយឆ្លុះបញ្ចាំងពីភាពរលំរលាយរបស់ពួកអេលៀន នៅក្នុងតំបន់ណាមួយនៃចក្រវាឡយើងនេះដែរ ដែលក្នុងពេលណាមួយពួកគេបានប្រព្រឹត្តទង្វើសម្លាប់ខ្លួនឯងបន្តិចម្តងៗរហូតដល់រលាយសាបសូន្យ គ្មានបន្សល់ដានក៏ថាបាន។
ជុំវិញប្រធានបទខាងលើនេះ តារាវិទូ Avi Loeb និងជាប្រធាននាយករដ្ឋានតារាសាស្ត្រ នៃសាកលវិទ្យាល័យអាមេរិក Harvard ក៏បានពន្យល់ចំណុចខ្លះដែរ ជាពិសេសគឺទាក់ទងទៅនឹងចម្ងល់មួយថា តើហេតុអ្វីបានយើងរកឃើញភពមានលក្ខណៈដូចផែនដីយ៉ាងច្រើន នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍ (Milky Way) របស់យើងទៅហើយ ប៉ុន្តែតំរុយពីជីវិតក្រៅភពនៅតែគ្មាន ហើយក៏ពិបាកនឹងកំណត់បានបំផុតនោះ?

នៅក្នុងបទបង្ហាញមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្តីអំពីការដឹកនាំមនុស្សទៅកាន់ភពព្រះអង្គារ តារាវិទូ Avi Loeb បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងមួយដែលអាចទៅរួច នោះគឺអរិយធម៌ទាំងនេះ ក៏ធ្លាប់បានឆ្លងកាត់នូវអ្វីដែលមនុស្សលោកយើង បាននិងកំពុងធ្វើផងដែរ នោះគឺការធ្វើឲ្យជីវិតរស់នៅកាន់តែមានរយៈពេលខ្លី…។ ពួកអេលៀនទាំងនោះប្រហែលមានការគិតមិនបានវែងឆ្ងាយ ហើយក៏បានបង្កើតអាវុធដែលបានសម្លាប់ពូជអំបូរខ្លួនឯង រហូតដល់រលំរលាយខ្ទេចអស់តែម្តង…»។

ដូច្នេះតារាវិទូ Avi Loeb បានពន្យល់ថា សកម្មភាពស្វែងរកភពអេលៀន ឬក៏ចង់ដឹងថាភពមួយនោះមានអេលៀនធ្លាប់រស់នៅ ឬអាចកំពុងរស់នៅដែរឬអត់នោះ មនុស្សលោកលើផែនដីគួរតែតាមដានរកភស្តុតាងនៃការឆាបឆេះស្រទាប់លើនៃភពនោះ ឬក៏អាចជាដាននៃសង្គ្រាមនុយក្លេអ៊ែរ ដែលមិនខុសពីមនុស្សលោកលើផែនដី កំពុងតែប្រជែងគ្នាផលិតអាវុធនុយក្លេអ៊ែរ និងស្ថិតនៅក្នុងមាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរនោះឡើយ។
គួរបញ្ជាក់ថា ការលើកឡើងរបស់តារាវិទូខាងលើនេះ ទោះបីជាមិនត្រូវចំលើប្រធានបទដើម ទាំងស្រុងក៏ដោយ ក៏មនុស្សគ្រប់គ្នាអាចស្វែងយល់បានថា ហេតុអ្វីបានជាភពអេលៀន ដែលយើងអង្កេតឃើញ អាចគ្មានអេលៀនរស់នៅទៀត។ វាពិតជាមេរៀនដ៏សំខាន់ ព្រោះមនុស្សលោកពេលនេះត្រូវបានអ្នកវិទ្យាសាស្ត្រមើលឃើញថា កំពុងឈានទៅរកទង្វើជាន់ដានពពួកអេលៀន ដែលបានរលំរលាយចេញពីចក្រវាឡនេះទៅហើយ។

ដូច្នេះមេរៀនដ៏ធំមួយនេះ គឺកំពុងបង្រៀនមនុស្សឲ្យបង្កើតទស្សនវិស័យកាន់តែវែងឆ្ងាយជាងនេះ និងស្វែងរកផ្លូវប្រសព្វមួយ ដើម្បីរក្សាពូជពង្ស និងអរិយធម៌ដែលយើងខិតខំកសាងរាប់ពាន់ឆ្នាំមកនេះឲ្យបន្ត និងពង្រីកបន្ថែមនៅក្នុងចក្រវាឡ។ យើងគួរគិតពីពពួកអេលៀនដ៏ជោគជ័យ ដែលព្យាយាមរក្សាពូជពង្សរបស់គេ ដោយវិធីឆ្លាតវៃ និងរួបរួមគ្នា ដែលអាចកំពុងស្ថិតនៅជ្រុងណាមួយនៃកាឡាក់ស៊ីយើងផងក៏ថាបានដែរ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ វែបសាយ Space
