អូស្ត្រាលីបកស្រាយការពិតនៃហ្វូស៊ីលដាយណូស័រមួយក្រុម ដែលត្រូវបានរកឃើញដ៏កម្របំផុត
(ស៊ីដនី)៖ គ្រោងឆ្អឹងរបស់សត្វដាយណូស័រមួយក្រុម ដែលគេរកឃើញតាំងពីយូរមកហើយ នឯទីក្រុង Lightning Ridges ប្រទេសអូស្រ្តាលី តាមពិតគឺជាមិនត្រឹមជារបស់ សត្វដាយណូស័រអម្បូរថ្មីមួយប៉ុណ្ណោះទេ តែពួកវាក៏ជាភស្តុតាងនៃហ្វូងដាយណូស័រដំបូង ដែលត្រូវបានរកឃើញនៅក្នុង ទឹកដីអូស្រ្តាលីផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។

ការសិក្សាវិភាគថ្មីៗនេះបានបង្ហាញថា គ្រោងឆ្អឹង ឬហ្វូស៊ីលដែលគេបានរកឃើញតាំងតែពីប៉ុន្មានទសវត្សរ៍មុន គឺមកពីសត្វដាយណូស័រចំនួន ០៤ក្បាលផ្សេងគ្នា នៃអម្បូរថ្មីសន្លាងមួយហៅថា Fostoria dhimbangunmal ដែលត្រូវបានយកតាមអ្នករុករករ៉ែត្បូង Opal គឺលោក Robert Foster ដែលជាបានរកឃើញពួកវា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ និងតាមឈ្មោះជនជាតិដើមរស់នៅក្នុងតំបន់ ដែលហ្វូស៊ីលទាំងនោះត្រូវបានរកឃើញ។

គួរជម្រាបថា អម្បូរសត្វដាយណូស័រ Fostoria ធ្លាប់រស់នៅលើផែនដីយើងកាលពី ១០០លានឆ្នាំមុន ដោយពួកវាមានជើងពីរ ស៊ីរុក្ខជាតិអាហារ ហើយទំនងរស់នៅលក្ខណៈជាហ្វូង ដើម្បីការពារខ្លួនពីពពួកដាយណូស័រស៊ីសាច់។ របកគំហើញនេះ គឺជាដំណឹងធំមួយ សម្រាប់អូស្រ្តាលីដែរ ព្រោះអូស្រ្តាលីមិនសូវមានដាយណូស័រ ដូចតំបន់ដទៃទៀតដូចជាចិន ឬក៏អាហ្រ្វិកឡើយ៕

