អស្ចារ្យមិនធ្លាប់មាន! ក្រុមអ្នកវិទ្យាសាស្ត្រ «រួមគ្នាបង្កើតផែនទីនៃចក្រវាឡ» ដែលគួរឲ្យជឿទុកចិត្តបំផុត
(វ៉ាស៊ីនតោន)៖ នាពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ បានរួមគ្នាបង្កើតផែនទីដំបូងបំផុត ស្តីពីរចនាសម្ព័ន្ធដ៏សែនធំល្វឹងល្វើយរបស់ចក្រវាឡ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
គម្រោងផែនទី eBOSS នេះត្រូវបានបង្កើតឡើងដោយផ្អែកទាំងស្រុង ទៅលើទីតាំងរបស់ Quasar ដែលជាបណ្តាចំណុចដ៏សែនឆ្ងាយ និងពោរពេញដោយពន្លឺចែងចាំង ដែលផ្តល់ថាមពលដោយប្រហោងខ្មៅដ៏ធំមហិកមា។ ស្របពេលដែលរូបធាតុ និងថាមពលទាំងឡាយ ធ្លាក់ចូលទៅក្នុងប្រហោងខ្មៅរបស់ Quasar ពួកវាបានចាប់ផ្តើមកើនឡើងកម្តៅក្នុងកម្រិតដ៏ខ្លាំង ហើយជះពន្លឺឡើង។
ពន្លឺនេះហើយដែលត្រូវអង្កេតឃើញ ដោយតេឡេស្កូបជាមួយមុខកាត់ប្រវែង ២.៥ម៉ែត្រនៅលើផែនដីរបស់យើង ហើយការតាមដានរបស់កែវយឺតនេះ បានផ្តល់ឲ្យក្រុមអ្នកវិទ្យាសាស្រ្តនូវចម្ងាយរបស់ Quasar ដែលត្រូវបានពួកគេប្រើប្រាស់សម្រាប់បង្កើតផែនទី 3D ស្តីពីទីតាំងរបស់ Quasar។
យ៉ាងណាមិញ មជ្ឈមណ្ឌល SDSS ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា នៅមានការងារជាច្រើនទៀតដែលពួកគេត្រូវធ្វើ ហើយ eBOSS កំពុងបន្តប្រើប្រាស់តេឡេស្កូប Sloan ដែលស្ថិតនៅមជ្ឈមណ្ឌល Apache Point ក្នុងរដ្ឋ New Mexico ដើម្បីតាមអង្កេតមើល Quasars ដទៃទៀត និងពង្រីកទំហំផែនទីនេះនាពេលអនាគត៕