អាមេរិកប្រទះឃើញ UFO កាន់តែច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ តែមិនទាន់អាចបកស្រាយការពិត

192

(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកបានរាយការណ៍ថា ការប្រទះឃើញវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ ដែលគេនិយមហៅថា UFO មានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្បែរទឹកដីសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Politico នៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។

បើតាមវែបសាយព័ត៌មាន Politico នាថ្ងៃពុធសប្តាហ៍នេះ សមាជិកព្រឹទ្ធសភាអាមេរិក​ទើបតែទទួលបានការរាយការណ៍ពីវត្ថុ UFO ធ្វើដំណើរក្នុងល្បឿនដ៏លឿន ដែលប្រទះឃើញដោយអាកាសយានិកយន្តហោះចម្បាំង របស់កងទ័ពជើងទឹកអាមេរិក។ កាលពី ខែមេសាកន្លងទៅ បើតាមរបាយការណ៍របស់កងទ័ពជើងទឹកអាមេរិក ការប្រទះឃើញវត្ថុ UFO ដោយក្រុមពីឡុតរបស់ខ្លួន បានកើនឡើងគួរឲ្យកត់សម្គាល់ នៅតំបន់ក្បែរឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ប៉ុន្តែគេបានបញ្ជាក់ថា វត្ថុទាំងនោះប្រហែលជាពុំមានប្រភព មកពីខាងក្រៅភពផែនដីយើងឡើយ។

គួរជម្រាបថា កាលពីឆ្នាំ២០១៧ ក្រសួងការពារជាតិអាមេរិក បានបង្កើតកម្មវិធីមួយឡើង ដើម្បីសិក្សាលើកំណើននៃការប្រទះឃើញវត្ថុ UFO ដែលហោះហើរក្នុងល្បឿនយ៉ាងលឿន នៅក្នុងដែនអាកាសដែលស្ថិតក្រោមការការពាររបស់យោធាអាមេរិក។ ទោះបីជាមានការសិក្សា​ និងតាមដានច្រើនក៏ដោយ ក៏ព័ត៌មានពាក់ព័ន្ធនឹងរឿងនេះហាក់នៅតែជាការសម្ងាត់ ខណៈលោក ដូណាល់ ត្រាំ វិញនៅពេលត្រូវបានសួរនាំអពី UFO កាលពីពេលថ្មីនេះៗ លោកក៏មិនទាន់អាចធ្វើការបកស្រាយអ្វី ដ៏គួរឲ្យកត់សម្គាល់នោះដែរ៕

480×240 Banner