អាចម៍ផ្កាយប្រវែង៣៣០ម៉ែត្រ នឹងហោះមកកៀកផែនដីគួរសមក្នុងសប្តាហ៍នេះ!

165

(អាមេរិក)៖ អាចម៍ផ្កាយធំមួយមានឈ្មោះថា 2008 KV2 នឹងហោះមកកាត់ផែនដីនៅចម្ងាយ ៦.៧លានគីឡូម៉ែត្រ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយល្បឿន ៤០,៨០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ខណៈវាជាពេលវេលានៅអាមេរិក ព្រឹត្តិការណ៍នេះអាចកើតឡើងនៅចន្លោះរសៀលថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រនៅកម្ពុជាយើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។

អ្នកវិទ្យាសាស្រ្តបានប្រទះឃើញអាចម៍ផ្កាយខាងលើ កាលពីឆ្នាំ២០០៨ និងបានធ្វើការគណនារកមើលថា តើវាធ្លាប់បានមកក្បែរភពយើងញឹកញាប់ប៉ុណ្ណា។ លទ្ធផលក៏បានបង្ហាញថា អាចម៍ផ្កាយ 2008 KV2 ធ្លាប់បានហោះកាត់ផែនដីញឹកញាប់គួរសម។ ដូចទៅនឹងភពផែនដីដែរ អាចម៍ផ្កាយនេះគោចរជុំវិញព្រះអាទិត្យ ហើយក្រោយការហោះកាត់ថ្ងៃព្រហស្បតិ៍ 2008 KV2 នឹងត្រូវមក ក្បែរផែនដីម្តងទៀតនៅឆ្នាំ២០២១ និងពីរដងទៀតនៅឆ្នាំ២០២២។

គួរជម្រាបថា បើតាមទីភ្នាក់ងារអវកាសអាមេរិក NASA អាចម៍ផ្កាយ 2008 KV2 មានមុខកាត់ប្រវែង ៣៣០ម៉ែត្រ។ បើតាមទំហំរបស់វា ធៀបនឹងរយៈចម្ងាយនោះ គឺទាល់តែមានតេឡេស្កូបធំល្មម និងត្រូវស្គាល់ទីតាំងគោចរឲ្យបានច្បាស់លាស់ ទើបយើងអាចអង្កេតមើលវាឃើញបាន៕

480×240 Banner