អាចម៍ផ្កាយតូចមួយធ្លាក់លើផែនដី ក្រោយការរកឃើញវាតែក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ!
(បរទេស)៖ ក្រុមតារាវិទូបានបញ្ជាក់នាសប្តាហ៍នេះថា អាចម៍ផ្កាយមួយដុំមានមុខកាត់ប្រវែង ០៣ម៉ែត្រ បានធ្លាក់មកលើភពផែនដីកាលពីចុងសប្តាហ៍មុន ដែលវាបានបញ្ចេញថាមពលប្រហាក់ប្រហែល ០៣-០៥គីឡូតោននៃសារធាតុផ្ទុះ TNT។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។

ហេតុការណ៍នេះបានកើតឡើងនៅសមុទ្រការីបៀន នាចម្ងាយជាង ២៧០គីឡូម៉ែត្រ ភាគខាងត្បូងដែនដីកោះ Puerto Rico របស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ ទោះបីវាមានកម្លាំងខ្លាំងបែបនេះក៏ដោយ គឺពុំបង្កឲ្យមានអ្នកស្លាប់ ឬមួយក៏អ្នករងគ្រោះនោះដែរ។ អ្វីដែលសំខាន់ជាងគេនៃព្រឹត្តិការណ៍ខាងលើ គឺអាចម៍ផ្កាយដែលត្រូវបានដាក់ឈ្មោះឲ្យថា Asteroid 2019 MO ត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញ មុនពេលវាធ្លាក់មកលើផែនដីតែមួយរយៈខ្លីប៉ុណ្ណោះ ដែលជារឿងដ៏កម្រ។

គួរជម្រាបថា ហេតុការណ៍អាចម៍ផ្កាយធ្លាក់មកលើផែនដី ដែលគេប្រទះឃើញមុនតែបន្តិចបែបនេះ គឺធ្លាប់កើតមានតែ ៣ដងគត់នាពេលកន្លងមក។ លើកទីមួយគឺអាចម៍ផ្កាយ Asteroid 2008 TC3 ទីពីរគឺ Asteroid 2014 AA និងទីបីគឺ Asteroid 2018 LA។ បើតាមទីភ្នាក់ងារអវកាសអាមេរិក NASA តាមពិតទៅអាចម៍ផ្កាយទំហំតូចៗ ជារឿយៗធ្លាក់មកលើផែនដីយើង ម្តងឬពីរដងក្នុងមួយឆ្នាំៗ គ្រាន់តែយើងទាំងអស់គ្នាមិនដឹង៕

