យានស្រាវជ្រាវភពអង្គារឆ្នាំ២០២០ មិនទាន់មានឈ្មោះនោះទេ! តើយើងគួរដាក់ឈ្មោះឲ្យវាថាអ្វីទៅ?
(វ៉ាស៊ីនតោន)៖ យានរុករក Mars 2020 (សម្រាប់រុករកលើភពអង្គារនៅឆ្នាំ២០២០) កំពុងលេចចេញជារូបរាងបន្តិចម្តងៗហើយ ដោយកាលពីប៉ុន្មានសប្តាហ៍មុននេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានចាប់ផ្តើមដំឡើងជើងនិងកង់ចំនួន ០៦របស់វាហើយ ឥឡូវនេះវាត្រូវការឈ្មោះផ្លូវការម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Engadget នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។

សម្រាប់ការស្វែងរកឈ្មោះនេះអង្គការ NASA នឹងងាកទៅផ្តល់ឱកាសឲ្យកូនសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ជាអ្នក បញ្ចេញនូវគំនិតនៃឈ្មោះសម្រាប់ដាក់ឲ្យយានរុករកថ្មី។ ក្រោមការសហការជាមួយអង្គការជាដៃគូចំនួន ០២ ដែលខ្លួនទើបបានជ្រើសរើស NASA នឹងបើកការប្រឡងប្រណាំងមានឈ្មោះថា «Name the Rover» នៅទូទាំងសហរដ្ឋអាមេរិកនារដូវស្លឹកឈើជ្រុះ គឺចន្លោះខែកញ្ញា និងខែធ្នូ ឆ្នាំ២០១៩នេះ។

គួរជម្រាបថា យានរុករកខាងលើត្រូវបាន NASA កំណត់ថា នឹងត្រូវបាញ់បញ្ជូនចេញពីផែនដី នៅខែកក្កដា ឆ្នាំ២០២០ ហើយទៅដល់ភពអង្គារ នៅខែកុម្ភៈ ឆ្នាំ២០២១។ យានរុករក ដែលកន្លងមកត្រូវបាន NASA បញ្ជួនឲ្យទៅសិក្សានៅលើភពក្រហមនេះសុទ្ធតែមានឈ្មោះ គួរឲ្យចាប់អារម្មណ៍និងពិរោះៗដូចជា Sojourner, Spirit, Opportinity, និង Curiosity ជាដើម៕
