ពិតជាគួរឲ្យព្រឺព្រួច និងពិបាកបកស្រាយ! ទីភ្នាក់ងារអវកាស LIGO រកឃើញប្រហោងខ្មៅមួយគូទៀត ទើបរួមបញ្ចូលគ្នាជាប្រហោងខ្មៅដ៏ធំមួយ!
(អាមេរិក)៖ នាពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្ត នៃមជ្ឈមមណ្ឌលឃ្លាំមើលទីអវកាស LIGO បានប្រទះឃើញប្រហោងខ្មៅ (Black Hole) មួយគូបានធ្វើការរួមបញ្ចូលគ្នា ហើយវាគឺជាលើកទីបីហើយ ដែលពួកគេបានជួបប្រទះបាតុភូតដ៏អស្ចារ្យបែបនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយចេញពីគេហទំព័រ Sciencemag.org នៅរសៀលថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៧។
កាលពីខែកញ្ញា ឆ្នាំ២០១៥ ប្រព័ន្ធចាប់សញ្ញាដ៏ធំមហិមារបស់ LIGO ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រទះឃើញរលកទំនាញមកពីប្រហោងខ្មៅចំនួនពីរ មានម៉ាស់ចន្លោះពី ២៩ទៅ៣៦ដង ធ្ងន់ជាងព្រះអាទិត្យយើង ស្របពេលដែលពួកវាទាំងពីរកំពុងច្របាច់រួមបញ្ចូលគ្នា ទៅជាប្រហោងខ្មៅតែមួយ។ បីខែក្រោយមកទៀត ប្រព័ន្ធឃ្លាំមើលដដែល បានប្រទះឃើញការរួមបញ្ចូលគ្នានៃប្រហោងខ្មៅមួយគូផ្សេងទៀត ដែលមានម៉ាសស្រាលជាងលើកទីមួយ។
គួរបញ្ជាក់ថា ដើមកំណើតនៃប្រហោងខ្មៅពុំមែនជាអាថ៌កបាំងសម្រាប់អ្នកវិទ្យាសាស្រ្តទៀតឡើយ ក៏ប៉ុន្តែជុំវិញបាតុភូតនៃការរួមបញ្ចូលប្រហោងខ្មៅនេះ បានបណ្តាលឲ្យពួកគេ មានសំណួរងឿងឆ្ងល់ជាច្រើន ដែលមិនទាន់មានការបកស្រាយណាមួយ ដែលអាចឲ្យគ្រប់គ្នា ទទួលយកបាននោះឡើយ៕