ចានតេឡេស្កូបយក្សមួយនេះ អាចនឹងត្រូវប្រើដើម្បីឆ្លុះមើលភពអេលៀន ចម្ងាយខ្ទង់១០០ឆ្នាំពន្លឺពីផែនដី
(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបានបង្ហាញពីចេតនា ប្រើប្រាស់ចានតេឡេស្កូបយក្សរបស់ចិន FAST ដើម្បីតាមរុករកភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet) ដែលមានស្រទាប់ម៉ាញេទិចដូចផែនដីយើង និងស្ថិតនៅចម្ងាយខ្ទង់ ១០០ឆ្នាំពន្លឺពីភពរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមតារាវិទូមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក ក្នុងនោះរួមមានចិននិងបារាំងជាដើម ទើបតែបានចេញផ្សាយនូវគម្រោងអង្កេតផ្ទៃមេឃរបស់ពួកគេ តាមរយៈការប្រើប្រាស់ចានតេឡេស្កូប FAST របស់ប្រទេសចិន។ អ្នកវិទ្យាសាស្រ្តចិន លោក Li Di បាននិយាយថា ភពដែលអំណោយផល មិនគួរមានផ្ទុកតែទឹក រួមជាមួយសីតុណ្ហភាពនិងបរិយាកាសដែលស័ក្តិសមនោះឡើយ តែក៏គួរ\មានស្រទាប់ម៉ាញេទិចផងដែរ ព្រោះស្រទាប់ម៉ាញេទិចរបស់ផែនដីមានសារសំខាន់ជាខ្លាំង ក្នុងការការពារជីវិតពីកាំរស្មីគ្រោះថ្នាក់ផ្សេងៗនៃទីអវកាស។

គួរជម្រាបថា ចានតេឡេស្កូប FAST ដែលស្ថិតនៅខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិន និងមានទំហំធំជាងគេបង្អស់លើលោកជាមួយមុខកាត់ ៥០០ម៉ែត្រ។ វាមិនមែនជាទីកន្លែងសម្រាប់តែក្រុមតារាវិទូ និងអ្នកវិទ្យសាស្ត្រចិននោះឡើយ ប៉ុន្តែចានតេឡេស្កូបនេះគឺស្ថិតក្នុងកិច្ចសហការជាមួយស្ថាប័នតារាសាស្ត្រ និងវិទ្យាសាស្ត្រអន្តរជាតិជាច្រើន ដើម្បីសិក្សារួមគ្នាពីរបកគំហើញថ្មីៗនៅទីអវកាស ជាពិសេសគឺពាក់ព័ន្ធនឹងវិស័យតារាសាស្ត្រនេះតែម្តង។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការជាលក្ខណៈសាកល្បង កាលពីខែកញ្ញា ឆ្នាំ២០១៦មក ចានតេឡេស្កូប FAST ភាគច្រើន បានរកឃើញតារាប្រភេទ Pulsar ដែលជាពពួកផ្កាយណឺត្រុងពណ៌ស បញ្ចេញថាមពលខ្លាំងៗក្នុងទីអវកាស៕

