បាតុភូតចម្លែក! កែវយឺតអវកាស Hubble ថតបានបណ្តុំពន្លឺដ៏កញ្ជ្រោល ស្ថិតនៅក្បែរៗប្រហោងខ្មៅយក្ស!
(អាមេរិក)៖ តារាវិទូអាមេរិកបានប្រើប្រាស់កែវយឺតអវកាស Hubble ឆ្លុះទៅលើប្រហោងខ្មៅយក្សមួយ ដើម្បីធ្វើការបកស្រាយបន្ថែមទៀត អំពីទ្រឹស្តីនៃការកកើតចក្រវាឡយើងនេះ ប៉ុន្តែបែរជាបានប្រទះឃើញបាតុភូតចម្លែកមួយ ដែលមិនគួរឲ្យជឿទៅវិញ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រអាមេរិកបានរួមគ្នាធ្វើការអង្កេត ទៅលើកាឡាក់ស៊ីមួយឈ្មោះ NGC 3147 ស្ថិតនៅចម្ងាយ ១៣០លានឆ្នាំពន្លឺពីផែនដីយើង។ នៅក្នុងការសម្លឹងឆ្ពោះទៅកាន់ប្រហោងខ្មៅយក្សមួយ ដែលជាបេះដូងនៃកាឡាក់ស៊ីមួយនេះ Hubble បានប្រទះឃើញ «បណ្តុំចលនាកញ្ជ្រោលនៃឧស្ម័ន និងធូលីប្រៀបដីដូចបន្ទះឌីស» ដែលមានសកម្មភាពនៅក្នុងកម្រិតល្បឿនប្រមាណ ១០ភាគរយនៃល្បឿនរបស់ពន្លឺ (ល្បឿនពន្លឺស្មើនឹង ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។
ប្រហោងខ្មៅយក្សដែលមានម៉ាសធ្ងន់ជាងព្រះអាទិត្យយើង ២៥០លានដងនោះ គឺកន្លងមកត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មានពន្លឺជះចេញមកខ្សោយ និងពិបាកក្នុងការអង្កេតណាស់។ ទោះបីជាបែបនេះក្តី ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ប្រហោងខ្មៅយក្សនេះមានទំរង់ស្រដៀងនឹងនំដូណាត់ ឬផេនខេក។
លោក Stefano Bianchi មកពីសាកលវិទ្យាល័យ degli Studi Roma Tre បានលើកឡើងជុំវិញរបកគំហើញខាងលើនេះថា «ប្រភេទនៃបណ្តុំ-បន្ទះឧស្ម័ន គឺជាចលនាកញ្ជ្រោលមួយប្រភេទ ដែលយើងមិនធ្លាប់គិតថា អាចមាននោះឡើយ…។ វាគួរតែកើតមានឡើងចំពោះវត្ថុ (ប្រហោងខ្មៅ) ដែលមានពន្លឺភ្លឺជាងនេះពី ១,០០០ដង ទៅ ១០០,០០០ដង…។ ដូច្នេះការព្យាករណ៍កន្លងមក អំពីគំរូនៃចលនាបង្កើតថាមពលនៅក្នុងកាឡាក់ស៊ីនានា គឺខុសទាំងស្រុង»។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្ត្រ បាតុភូតខាងលើនេះគឺជារឿងដ៏ភ្ញាក់ផ្អើលបំផុតនៅត្រង់ថា មានបណ្តុំនៃចលនាកញ្ជ្រោលរបស់ធូលី និងឧស្ម័នវាងដូចបន្ទះឌីស អាចស្ថិតនៅជិតៗប្រហោងខ្មៅ ហើយវាពិតជាគ្មាននរណាម្នាក់ធ្លាប់គិតដល់នោះឡើយនៅក្នុងការសិក្សារាប់ទសវត្សរ៍មកនេះ អំពីចលនានៃប្រហោងខ្មៅ។ ពួកគេអាចត្រឹមត្រូវបានពន្យល់ថា «ជាចលនាកញ្ជ្រោលបង្កើតឡើងដោយរង្វិលនៃសារធាតុនានានៅក្នុងបន្ទះឌីសដ៏ស្តើងមួយ ដែលស្ថិតនៅជិតបំផុតទៅនឹងប្រហោងខ្មៅ» ប៉ុណ្ណោះ៕

