ហេតុផលចំនួន០៤ «នាំឲ្យឥណ្ឌាប្រឹងប្រែងហក់លោត ក្នុងវិស័យអវកាស» ទាំងខ្លួនឯងនៅ​ជាប្រទេស​មាន ប្រជាជនក្ររហាមរាប់លាននាក់!

166

(ញូដេលី)៖ អង្គការស្រាវជ្រាវអវកាស​ឥណ្ឌា ISRO នាពេលថ្មីៗបាន​បង្ហោះគ្រាប់រ៉ុក្កែតដែលធ្ងន់ជាង​គេបំផុត​របស់ពួកគេ ដែលមាន​​ទម្ងន់ប្រមាណ ៦៤០តោន និងផ្ទុក​ផ្កាយរណប​មួយគ្រឿង​មានទម្ងន់ដល់ទៅ ៣,០០០គីឡូក្រាម ទៅកាន់​ទីអវកាស​តាមរយៈការ​ប្រើប្រាស់​បច្ចេក​វិទ្យា ដែលត្រូវបាន​អភិវឌ្ឍន៍ឡើងដោយខ្លួនឯង​ផ្ទាល់ ខណៈប្រទេសអាស៊ី​ខាងត្បូងនេះ តែងតែទទួលការរិះគន់​ ដោយសារតែ​ការ​ចំណាយលុយយ៉ាង​ច្រើនទៅលើគម្រោង​ផ្នែកអវកាស នៅពេលដែល​ប្រជាជនរបស់ខ្លួន​ជិតមួយភាគបី បាននិងកំពុង​រស់នៅ​​ក្រោម​ខ្សែបន្ទាត់​នៃភាពក្រីក្រ។

ដោយឡែក​មានហេតុផល​ចំនួន០៤ ដែលនៅពីក្រោយកិច្ចខិតខំប្រឹងប្រែង​​បែបនេះ របស់ឥណ្ឌានៅ​ក្នុងវិស័យ​អវកាស។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀល​ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។

១៖ ការចំណាយតិច
ប្រទេសឥណ្ឌា​បានអះអាងថា ការចំណាយ​នៃការបាញ់បង្ហោះគ្រាប់រ៉ុក្កែត​ចុងក្រោយបំផុតនេះ ពុំមានទំហំច្រើនឡើយបើយោងតាម​បទដ្ឋាន​​អន្តរជាតិ ដោយវាតម្លៃប្រហែល​០៥លានដុល្លារ។

២៖ ភាពរីកចម្រើននៃឧស្សាហកម្មនេះ
សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី​គ្រប់គ្រងទីផ្សារជិត​ ៧៥ភាគរយ នៃឧស្សាហកម្ម​បង្ហោះផ្កាយរណប ដែលមានតម្លៃ​ជិត​ ០៦ពាន់លាន​ដុល្លារ និងកំពុងតែកើន​ឡើងយ៉ាងឆាប់រហ័ស ហើយប្រទេស​ឥណ្ឌានាពេលនេះ​មានភាគហ៊ុនជាង ០.៥ភាគរយ នៅក្នុងវិស័យឧស្សា​ហកម្ម​ខ្ទង់ពាន់លាន​ដុល្លារនេះ និងមានអតិថិជន​ច្រើនជាងមុន បើធៀបទៅនឹង​អតីតកាល។

៣៖ សេវាធូរថ្លៃ
ផ្កាយរណបទូរគមនាគមន៍ និងឧតុនិយម​ភាគច្រើន​មានទម្ងន់ជិត ០៤តោន ហើយត្រូវការគ្រាប់​រ៉ុក្កែតធំៗ ដើម្បីបាញ់បង្ហោះពួកវា​ទៅ​កាន់​ទីអវកាស។ ដោយឡែក​ជាមួយការបង្ហោះផ្កាយរណប​ចុងក្រោយបំផុតនេះ ឥណ្ឌាបានផ្ញើសារ​ដ៏សំខាន់មួយ ទៅកាន់សហគមន៍​អន្តរ​ជាតិថា ជម្រើសដែលមាន​តម្លៃធូរថ្លៃសមរម្យ គឺមានសម្រាប់ឲ្យ​ពួកគេជ្រើសរើស។

៤៖ ឥណ្ឌាសង្ឃឹមថា ខ្លួននឹងអាចជំរុញ​លើកទឹកចិត្ត ដល់បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍ ប្រើប្រាស់សេវា​របស់ពួកគេ ដើម្បីបាញ់បង្ហោះផ្កាយ​រណប​ជាជាងសេវាកម្មរបស់​ប្រទេសលោកខាងលិច៕

480×240 Banner