ការលេងសើចរឿងសម្រុកចូល Area 51 អាចឈានដល់ការត្រៀមទប់ស្កាត់មែនទែន ពីសំណាក់អាជ្ញាធរអាមេរិក

185

(វ៉ាស៊ីនតោន)៖ ខណៈនៅលើ Facebook មនុស្សប្រមាណ ១.៨លាននាក់ បានបញ្ជាក់ពួកគេនឹងចូលរួមក្នុងផែនការ សម្រុកចូលមូលដ្ឋានទ័ពសម្ងាត់អាមេរិកហៅថា «តំបន់៥១ ឬ Area 51» ដែលស្ថិតនៅតំបន់វាលខ្សាច់នៃរដ្ឋ Nevada យោធាអាមេរិកហាក់មិនបានពង្រើយកន្តើយ ចំពោះគម្រោងដែលទំនងជាការលេងសើចនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមទម្លាយឲ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន កងទ័ពអាកាសអាមេរិករៀបចំបទបង្ហាញមួយចំនួនពាក់ព័ន្ធវិធីសាស្រ្ត ដើម្បីទប់ទល់ជាមួយផែនការខាងលើ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ។ ទោះជាយ៉ាងនេះក្តី ពុំមានការបញ្ជាក់ជាផ្លូវការថា បទបង្ហាញទាំងនោះពិតជាត្រូវបានរៀបចំឡើង ពាក់ព័ន្ធនឹងគម្រោងសម្រុកចូល Area 51 មែនឬអត់ឡើយ។

គួរជម្រាបថា Area 51 ជាមូលដ្ឋានធ្វើតេស្ត និងហ្វឹកហ្វឺនសម្ងាត់របស់អាមេរិក នៅឯតំបន់វាលខ្សាច់នៃរដ្ឋ Nevada ភាគខាងលិចសហរដ្ឋអាមេរិក។ ដោយសារតែភាពអាថ៌កំបាំងនៃមូលដ្ឋាននេះ មនុស្សមួយចំនួនជឿថា វាជាកន្លែងផ្ទុកភស្តុតាងនៃជីវិតក្រៅភព ឬមនុស្សអេលៀនថែមទៀតផង។ រដ្ឋាភិបាលអាមេរិក ទើបតែបានទទួលស្គាល់វត្តមានរបស់មូលដ្ឋាន Area 51 កាលពីឆ្នាំ២០១៣។

ការសង្ស័យលើមូលដ្ឋាន Area 51 បានកើតមានឡើងរាប់ទសវត្សរ៍មកហើយ ប៉ុន្តែពេលនេះទើបមានការផុសផុលចង់សម្រុកចូល ដើម្បីទម្លាយរកការពិតនៃមូលដ្ឋាននេះ ដែលស្ថិតក្រោមការយាមកាមយ៉ាងតឹងរ៉ឹងជាទីបំផុតដោយយោធាអាមេរិក។ កាលពីសប្តាហ៍មុន អ្នកនាំពាក្យទ័ពអាកាសអាមេរិកក៏បានព្រមានដែរថា មិនឲ្យជនស៊ីវិលសាមញ្ញមកក្បែរ ឬឆ្លងចូលតំបន់ហាមឃាត់នេះឡើយ។

គម្រោងមានឈ្មោះថា «Storm Area 51» នៅលើ Facebook គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ខណៈវាបានកើតដំបូងក្នុងលក្ខណៈ​ជាការលេងសើចប៉ុណ្ណោះ។ ម៉្យាងវិញទៀតនោះអាជ្ញាធរអាមេរិកក៏មិនរំពឹងថា នឹងមានមនុស្សច្រើនដល់ទៅ រាប់លាននាក់បង្ហាញវត្តមាននៅថ្ងៃកំណត់នេះដែរ ប៉ុន្តែទោះបីជាបែបនេះក្តីការបង្ការទុកជាមុន គឺមិនអាចត្រូវបានព្រងើយកន្តើយនោះឡើយ ខណៈការបំផុសបំផុលព័ត៌មានអំពីការលាក់បំពួន Aliens ឬ UFOs នាប៉ុន្មានឆ្នាំមកនេះ បានធ្វើឲ្យមនុស្សមួយចំនួនកាន់តែចង់ទម្លាយការពិត៕

480×240 Banner