ប្រជាជនលើកោះហាវ៉ៃប្រឆាំងគំរោងកសាង «តេឡេស្កូបយក្សតម្លៃ១.៤ពាន់លានដុល្លារ» នៅលើភ្នំដ៏ពិសិដ្ឋពីបុរាណ…
(ហាវ៉ៃ)៖ គម្រោងសាងសង់កែវយឺតតេឡេស្កូបយក្សដ៏ធំមួយនៅលើផែនដី កំពុងប្រឈមនឹងការតវ៉ាប្រឆាំងជាខ្លាំង ពីសំណាក់ប្រជាជនអាមេរិកដែលរស់នៅរដ្ឋហាវ៉ៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

នាពេលថ្មីៗនេះមនុស្សម្នាជាច្រើននាក់ ជាពិសេសក្រុមជនជាតិដើមនៃកោះហាវ៉ៃ បានបន្តដង្ហែរក្បួនដើម្បីសម្តែងការជំទាស់ ចំពោះផែនការសាងសង់កែវយឺតតេឡេស្កូបមួយ នៅលើភ្នំភ្លើង ម៉ូណាកៀ (Mauna Kea ដែលវាលែងមានសកម្មភាពអ្វីទៀតហើយ) ដែលនឹងមានមុខកាត់ ៣០ម៉ែត្រហើយមានតម្លៃ ១.៤ពាន់លានដុល្លារ។

គួរជម្រាបថា ខណៈក្រុមអ្នកវិទ្យាសាស្រ្តមានក្តីរំពឹងថា ប្រព័ន្ធអង្កេតមើលទីអវកាសនេះ នឹងអាចជួយពួកគេសិក្សាស្វែងយល់ពីចក្រវាឡ ក្រោយមហាបាតុភូតបន្ទុះ Big Bang ប្រជាជនកោះហាវ៉ៃភាគច្រើន មិនចង់ឲ្យមានការសាងសង់អ្វីនៅលើភ្នំ Mauna Kea ដែល ពួកគេចាត់ទុកជាទីពិសិដ្ឋដ៏បុរាណ មួយនេះឡើយ។ ដោយឡែកខាងអាជ្ញាធរអាមេរិកវិញ មិនទាន់បញ្ចេញដំណោះស្រាយ ជាផ្លូវការណាមួយនៅឡើយទេ៕
