James Webb សម្រាប់ឆ្លុះមើលភពអេលៀន ទើបសម្រេចតេស្តដ៏សំខាន់មួយ និងត្រៀមបង្ហោះនៅឆ្នាំ២០២១

92

(អាមេរិក)៖ កែវយឺតអវកាសជំនាន់ថ្មីរបស់ទីភ្នាក់ងារអវកាស NASA គឺ James Webb ទើបតែបានឆ្លងកាត់ការធ្វើតេស្តមួយទៀតដោយជោគជ័យ ក្នុងដំណើរឆ្ពោះទៅរកការបាញ់បង្ហោះ​នៅឆ្នាំ២០២១ ខណៈការពន្យារពេលម្តងហើយម្តងទៀត ត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ២០១៥ មកម្ល៉េះ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។

ក្រុមបច្ចេកទេសរបស់អង្គការ NASA ទើបបានសម្រេចជោគជ័យ ក្នុងការធ្វើតេស្តដំឡើងផ្ទាំងកញ្ចក់ដ៏សំខាន់មួយ ទៅលើកែវយឺតអវកាស James Webb។ កញ្ចក់នោះមានរាងមូល និងមានមុខងារជាកញ្ចក់ជំនួយ ដែលត្រូវបានដាក់ឲ្យស្ថិតចំពីខាងមុខ​បណ្តុំកញ្ចក់យ៉ាងធំមួយដែលមានមុខងារជាផ្ទាំងកញ្ចក់ស្នូល និងមានរាងដូចផ្លិតឃ្មុំ។

ទោះបីមានឈ្មោះជាកញ្ចក់ជំនួយក៏ដោយ វានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់ជោគជ័យរបស់បេសកកម្មកែវយឺត James Webb។ ខណៈក្រុមកញ្ចក់ស្នូលប្រមូលពន្លឺពីវត្ថុដែល James Webb អង្កេតឃើញក្នុងទីអវកាស កញ្ចក់ជំនួយនោះ មានតួនាទីធ្វើការប្រមូលសញ្ញាពន្លឺពីកញ្ចក់ធំនោះ ដែលរួមផ្សំឡើងកញ្ចក់ទាំងអស់ ១៨ផ្ទាំងមកផ្តុំគ្នា រួចបញ្ជូនបន្តទៅឲ្យឧបករណ៍វិទ្យាសាស្រ្តដទៃទៀត ដើម្បីសិក្សា និងវិភាគទៅលើទិន្នន័យដែលប្រមូលបាន។

គួរជម្រាបថា នៅពេលកែវយឺត James Webb ត្រូវបានផ្គុំពេញលក្ខណៈទាំងស្រុង វានឹងត្រូវគេបាញ់បញ្ជូនចេញពីផ្ទៃផែនដីឆ្ពោះ ទៅកាន់ទីអវកាសនៅខែមីនា ឆ្នាំ២០២១ តាមរយៈគ្រាប់រ៉ុក្កែត Ariane 5 របស់អឺរ៉ុប។ គម្រោងបាញ់បង្ហោះរបស់វា ធ្លាប់ត្រូវបាន លើកពេលជាច្រើនដងមកហើយ ខណៈទំហំនៃការចំណាយរបស់កែវយឺតនេះ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ គឺ ៩.៧ពាន់លានដុល្លារអាមេរិក។

James Webb ត្រូវបាន NASA ចាត់ទុកថា ជាអ្នកបន្តវេនពីកែតយឺតឈ្មោះថា Hubble ដែលបានបំពេញបេសកកម្មជិត ៣០ឆ្នាំហើយក្នុងទីអវកាស។ ក្រោយពីបាញ់បង្ហោះ វានឹងធ្វើដំណើរចម្ងាយ ១.៦លានគីឡូម៉ែត្រទៅកាន់ទីតាំងដែលត្រូវធ្វើប្រតិបត្តិការ។ លក្ខណៈពិសេសបំផុតរបស់ James Webb គឺវាអាចធ្វើការជះរលកសញ្ញាទៅលើភពអេលៀន​ណាមួយដើម្បីឲ្យដឹងថា តើភពនោះមានបរិយាកាសផ្សំឡើងពីសារធាតុអ្វីខ្លះ។ បើសិនជាអ្នកវិទ្យាសាស្ត្រដឹងថា ភពអេលៀនមួយណាមានបរិយាកាសបែបណានោះ វាប្រាកដណាស់ថា ការសន្និដ្ឋានអំពីវត្តមាននៃជីវិតនៅទីនោះ គឺកាន់តែងាយស្រួលបំផុត៕

480×240 Banner