ឧស្ម័នមេតានរកឃើញលើភពអង្គារ គឺជាតំរុយពិសេសដែលអ្នកវិទ្យាសាស្ត្រកំពុងសិក្សា
(បរទេស)៖ ការសិក្សាថ្មីបានរកឃើញថា ឧស្ម័នមេតាននៅក្នុងបរិយាកាសរបស់ភពអង្គារ (Mars) មិនមែនបញ្ចេញដោយបាតុភូត សំណឹកបង្កឡើងពីខ្យល់ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។
ប៉ុន្មានឆ្នាំកន្លងទៅ យានរុករក Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រទះឃើញការផុសផុលឡើង នៃវត្តមានមេតាននៅក្នុងបរិយាកាសរបស់ភពអង្គារ ខណៈការប្រទះឃើញថ្មីចុងក្រោយគេបំផុត គឺកាលពីខែមិថុនា ឆ្នាំ២០១៩ ដោយ កម្រិតមេតាននៅលើតំបន់រណ្តៅ Gale Crater បានកើនឡើងយ៉ាងខ្លាំង។
អ្នកវិទ្យាសាស្រ្តមិនទាន់អាចដឹងច្បាស់ទេថា តើអ្វីទៅជាអ្នកដែលបញ្ចេញឧស្ម័ននេះ ឬក៏វាមានប្រភពមកពីចំណុចណាឲ្យប្រាកដ ប៉ុន្តែពួកគេកំពុងផ្តោតការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងទម្លាយអាថ៌កំបាំងនេះ ព្រោះថាឧស្ម័នមេតានអាចជាតំរុយនៃជីវិត ក្នុងទម្រង់ណាមួយនៅលើភពអង្គារ។ តួយ៉ាងឧស្ម័នមេតានជាង ៩០ភាគរយក្នុងបរិយាកាសរបស់ផែនដី បង្កឡើងពីពពួកមីក្រុប និងក្រុមសារពាង្គកាយដទៃទៀត ខណៈប៉ុន្មានភាគរយទៀត គឺបណ្តាលមកពីប្រតិកម្មក៏ដូចជាបាតុភូតធម្មជាតិ។
គួរជម្រាបថា យ៉ាងណាមិញយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ អ្នកវិទ្យាសាស្រ្តទទួលបានចម្លើយមួយថា ឧស្ម័ននេះមិនមែនបង្កឡើងដោយសារម៉េតានក្នុងថ្មនៅលើភពអង្គារ ដែលត្រូវបាននាំយកទៅក្នុងបរិយាកាសនៃភពក្រហមនេះ តាមរយៈបាតុភូតសំណឹកបណ្តាលមកពីខ្យល់នោះឡើយ៕