តើអាចទេថាវាជាបាតុភូតប្រហោងខ្មៅ Black Hole លេបយកផ្កាយណឺត្រុងនោះ?
(បរទេស)៖ អ្នកវិទ្យាសាស្រ្តអូស្រ្តាលីបានអះអាងថា បាតុភូតប្រហោងខ្មៅលេបត្របាក់ផ្កាយណឺត្រុង ទំនងជាទើបត្រូវបានប្រទះឃើញជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។
កាលពីថ្ងៃទី១៤ ខែសីហាថ្មីៗនេះ រលកទំនាញ Gravitational Wave មួយ ដែលទំនងជាបង្កឡើងពីព្រឹត្តិការណ៍ «ប្រហោងខ្មៅលេបត្របាក់ផ្កាយណឺត្រុង» ត្រូវបានប្រទះឃើញនៅចម្ងាយប្រហែល ៨,៥៥០លានឆ្នាំពន្លឺពីយើង ដោយប្រព័ន្ធតេឡេស្កូប LIGO ដែលស្ថិតនៅសហរដ្ឋអាមេរិក និងប្រព័ន្ធតេឡេស្កូប Virgo នៅប្រទេសអ៊ីតាលី។ ប្រការនេះមានន័យថា វាបានកើតឡើងកាលពី ៨,៥៥០លាន ឆ្នាំកន្លងទៅ ប៉ុន្តែឥទ្ធិពលវាទើបតែបានជះដល់ផែនដីកាលពីប៉ុន្មានថ្ងៃមុន។
ខណៈរលកទំនាញ Gravitational Wave ដែលធ្លាប់ត្រូវប្រទះឃើញកន្លងមក គឺកើតចេញពីបាតុភូតប្រហោងខ្មៅពីររួមចូលគ្នា និងផ្កាយណឺត្រុងពីរបុកគ្នានោះ អ្នកវិទ្យាសាស្រ្តមានការជឿជាក់ខ្ពស់ថា រលកទំនាញដែលពួកគេប្រទះឃើញ កាលពីថ្ងៃពុធសប្តាហ៍មុន គឺត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍ប្រហោងខ្មៅ លេបផ្កាយណឺត្រុង។
គួរបញ្ជាក់ថា ផ្កាយណឺត្រុង (Neutron Star) គឺជាប្រភេទផ្កាយដែលមានទំហំតូច (ជាមធ្យមមានមុខកាត់តែ ៣០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែម៉ាស់វាធ្ងន់ជាងព្រះអាទិត្យយើងទៅទៀត) ដែលវាកើតចេញពីការស្លាប់ ឬផ្ទុះនៃតារាធំៗ ដែលមានម៉ាស់ចន្លោះចាប់ពី ១០-២៩ដងធំជាងម៉ាស់ព្រះអាទិត្យយើង។ ថ្វីត្បិតតែវាតូចពិតមែន តែកំហាប់របស់វាពិតជាខ្លាំងអស្ចារ្យបំផុត (ពោពេញដោយធាតុដែក) រួមជាមួយទម្ងន់ក៏ធ្ងន់បំផុតដែរ ហើយគេនិយមហៅវាថា White Hole។