ដើម្បីរកមើលការពិត NASA ត្រៀមបញ្ជាយានទៅថតទីតាំងដែលយានឥណ្ឌា ចុះចតលើផ្ទៃព្រះច័ន្ទ

104

(បរទេស)៖ ឆាប់ៗនេះយើងនឹងអាចដឹងបន្ថែមទៀត អំពីជោគវាសនាពិតប្រាកដរបស់ យានចុះចតនៃបេសកកម្ម Chandrayaan-2 របស់ឥណ្ឌា ដែលបានដាច់ការទាក់ទងពេលព្យាយាមចុះចត ទៅលើផ្ទៃព្រះច័ន្ទកាលពីថ្ងៃទី០៦ ខែកញ្ញា គឺតាមរយៈយានអវកាស LRO របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីថ្ងៃទី០៦ ខែកញ្ញា យានចុះចត វីក្រាម (Vikram) នៃបេសកកម្ម Chandrayaan-2 បានបន្ទាបខ្លួនចុះទៅកាន់តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ តែខណៈវាចុះទៅដល់កម្ពស់ ២.១គីឡូម៉ែត្រពីផ្ទៃដីពណ៌ប្រផេះរបស់ព្រះច័ន្ទ ក្រុមការងារបេសកកម្មរបស់ឥណ្ឌាដែលនៅលើផែនដី បានដាច់ការទាក់ទងជាមួយយាននោះ។

ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានប្រកាសកាលពីសប្តាហ៍មុនថា យានផ្កាយរណបនៃបេសកកម្ម Chandrayaan-2 បានប្រទះឃើញយាន Vikram ពីទីអវកាស ហើយពួកគេកំពុងតែព្យាយាមតភ្ជាប់ការទាក់ទងឡើងវិញ ជាមួយយានចុះចតនោះ ប៉ុន្តែពុំមានការបញ្ជាក់លម្អិតអ្វីផ្សេង ឬមួយក៏រូបភាពរបស់យាន Vikram នៅលើផ្ទៃព្រះច័ន្ទឡើយ។

យ៉ាងណាមិញ យានផ្កាយរណបឈ្មោះ Lunar Reconnaissance Orbiter ហៅកាត់ LRO របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងត្រូវហោះកាត់តំបន់ចុះចតរបស់យាន Vikram នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់របស់អាមេរិក)។ យាន LRO ត្រូវបានបញ្ជូនចេញពីផែនដីកាលពីឆ្នាំ២០០៩ ហើយរាប់ឆ្នាំមកនេះ វាបានផ្តិតយករូបភាពយានជាច្រើន ដែលស្ថិតនៅលើផ្ទៃព្រះច័ន្ទដូចជាយានរបស់ចិនជាដើម ហើយ LRO ក៏ជាអ្នកដែលបានរកឃើញ កន្លែងធ្លាក់យាននៃបេសកកម្ម Beresheet កាលពីខែមេសា របស់អ៊ីស្រាអែលផងដែរ។

គួរជម្រាបថា មកទល់សព្វថ្ងៃនេះមានប្រទេសតែ ៣ ប៉ុណ្ណោះនៅលើពិភពលោក ដែលបានទទួលជោគជ័យក្នុងការបញ្ជូនយាន ឲ្យចុះទៅជាន់ដីរបស់ព្រះច័ន្ទដោយសុវត្ថិភាព ក្នុងនោះមានសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាមេរិក និងចិន៕

480×240 Banner