លើកនេះបុកម្តងបីតែម្តង! ក្រុមអ្នកវិទ្យាសាស្ត្រអង្កេតឃើញ Black Hole ចំនួនបីដែលកំពុងសំដៅទៅបុកចូលគ្នា

95

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានជួបប្រទះឱកាសដ៏មហាកម្របំផុតមួយ នោះគឺការមើលឃើញប្រហោងខ្មៅប្រភេទយក្ស (Supermassive) ដល់ទៅ ០៣ ដែលកំពុងតែសំដៅរកគ្នា ដោយពួកវាស្ថិតនៅចម្ងាយ ១ពាន់លានឆ្នាំពន្លឺពីផែនដី។ នេះបើតាមការចេញផ្សាយដោយ Space នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

លទ្ធផលសា្រវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យ George Mason ក្នុងរដ្ឋ Virgina របស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រហោងខ្មៅយក្សទាំង ០៣ ស្ថិតក្នុងប្រព័ន្ធមួយដែលមានឈ្មោះយ៉ាងស្មុគស្មាញគឺ SDSS J084905.51+111447.2។ យោងតាមលោក Ryan Pfeifle ដែលជាអ្នកដឹកនាំការស្រាវជ្រាវឲ្យដឹងថា ពីដំបូងឡើយពួកគេមានគោលដៅ តាមអង្កេតមើលប្រហោងខ្មៅលក្ខណៈជាគូប៉ុណ្ណោះ ប៉ុន្តែក៏ស្រទាប់តែប្រទះឃើញប្រហោងខ្មៅយក្សទាំង ០៣ នោះតែម្តង។

លោក Pfeifle បានប្រាប់ថា របកគំហើញថ្មីនេះត្រូវសម្រេចបាន តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូប និងកែវយឺតអវកាសជាច្រើនរួមមាន តេឡេស្កូប Sloan Digital Sky Survey (SDSS) នៅម៉ិចស៊ីកូ , កែវយឺតអវកាស Wide-field Infrared Survey Explorer (WISE), កែវយឺតអវកាស Chandra X-ray Observatory, និងកែវយឺតអវកាស Nuclear Spectroscopic Telescope Array (NuSTAR)។

គួរជម្រាបថា គម្លាតរវាងប្រហោងខ្មៅយក្សទាំង ០៣ គឺចន្លោះពី ១០,០០០ឆ្នាំពន្លឺ ទៅ ៣០,០០០ពន្លឺ ហើយគម្លាតនេះនឹងរួមតូចទៅៗ ខណៈកាឡាក់ស៊ីរបស់ពួកវា ព្រមទាំងខ្លួនពួកវាផ្ទាល់កំពុងតែសំដៅរួមចូលគ្នា។ ប្រហោងខ្មៅប្រភេទយក្សនេះ តែងមានវត្តមាននៅកណ្តាលកាឡាក់ស៊ី ហើយសម្រាប់កាឡាក់ស៊ី Milky Way របស់យើង ក៏មានមួយដែរឈ្មោះថា Sagittarius A* ដែលមុខកាត់របស់វាមាន ទំហំដល់ទៅ ២២លានគីឡូម៉ែត្រឯណោះ។ ខណៈប្រហោងខ្មៅធម្មតា (Stellar Mass Black Hole) ត្រូវអ្នកវិទ្យាសាស្រ្តដឹងថា មានប្រភពមកពីការផុតរលត់អាយុជីវិតនៃផ្កាយធំៗ ពពួកប្រហោងខ្មៅលំដាប់កំពូល Supermassive មិនត្រូវបានដឹងច្បាស់ឡើយ អំពីរបៀបចាប់កំណើតរបស់ពួកវា។

ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងប្រហោងខ្មៅ គឺអ្នកវិទ្យាសាស្រ្តធ្លាប់បានដឹងខ្លះៗដែរថា នឹងមានលទ្ធផលអ្វីដោយប៉ុន្មានឆ្នាំកន្លងទៅនេះ ពួកគេបានប្រទះឃើញរលកទំនាញគេហៅថា Gravitational Wave ដែលបញ្ចេញដោយព្រឹត្តិការណ៍បុកគ្នារវាងប្រហោងខ្មៅ ប៉ុន្តែគឺរវាងប្រហោងខ្មៅតែចំនួនពីរៗប៉ុណ្ណោះ។ ដូច្នេះសម្រាប់ប្រហោងខ្មៅទាំងបីខាងលើនេះវិញ វាប្រាកដជាបង្កើតជា Gravitational Wave ដ៏ខ្លាំងក្លាមួយមិនខាន ប៉ុន្តែមិនដឹងថាពេលណានោះឡើយ៕

480×240 Banner