ចំហាយទឹកភាយចេញពីព្រះច័ន្ទភពសៅរ៍ Eneladus មានផ្ទុកសមាសធាតុសរីរាង្គដ៏សំខាន់!

135

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញសមាសធាតុសរីរាង្គប្រភេទថ្មី នៅកំសួលចំហាយទឹក ដែលបញ្ចេញនៅលើផ្ទៃព្រះច័ន្ទទឹកកក Enceladus របស់ភពសៅរ៍ (Saturn)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នាថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

យានអវកាស Cassini របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រមូលយកទិន្នន័យដ៏មានតម្លៃ ព្រមទាំងរូបភាពនៃភពសៅរ៍ និងក្រុមព្រះច័ន្ទរបស់វាអស់រយៈពេលប្រមាណ ២០ឆ្នាំ។ ទោះបេសកកម្មនោះបានបញ្ចប់ទៅ​កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ក៏ដោយ នៅពេលដែល Cassini បានទម្លាក់ខ្លួនចោលទៅលើភពសៅរ៍ អ្នកវិទ្យាសាស្រ្តនៅតែបន្តសិក្សាទិន្នន័យបន្សល់ទុកដ៏ច្រើនសម្បើមរបស់វាដដែល។

ក្នុងការសិក្សាថ្មីមួយ ក្រុមអ្នកវិទ្យាសាស្រ្តបានវិភាគតាមដានលើសារធាតុ ដែលព្រះច័ន្ទ Enceladus បញ្ចេញពីស្នូលរបស់វា តាមរយៈបំពង់កម្តៅធម្មជាតិហៅថា Hydrothermal Vent។ សារធាតុទាំងនោះ ក្រោយមកត្រូវលាយឡំជាមួយមហាសមុទ្រដែលស្ថិតក្រោមផ្ទៃរបស់ Enceladus ហើយបញ្ចេញឡើងទៅក្រៅក្នុងទម្រង់ជាចំហាយទឹក និងកម្ទេចភាគល្អិតនៃទឹកកកតូចៗ។

កំឡុងការសិក្សាបាតុភូតទាំងនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញម៉ូលេគុលសរីរាង្គ ដែលមានផ្ទុកអុកស៊ីសែន និងអាសូត នៅក្នុងសារធាតុដែលបញ្ចេញមកនោះ។ សមាសធាតុស្រដៀងគ្នានេះនៅលើផែនដីយើង មានតួនាទីចូលរួមក្នុងការធ្វើប្រតិកម្មបង្កើត អាមីណូអាស៊ីត ដែលមានសារៈសំខាន់ក្នុងដំណើរការបង្កើតទម្រង់ជីវិតនានា នៅលើភពរបស់យើង។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ពួកគេមិនប្រាកដនោះទេថា អាមីណូអាស៊ីតគឺចាំបាច់សម្រាប់ទម្រង់ជីវិតនៅក្រៅផែនដីដែរ ឬក៏អត់ឡើយ។

គួរជម្រាបថា ព្រះច័ន្ទ Enceladus ត្រូវបានចាត់ទុកក្នុងចំណោមកន្លែងដែលជាជម្រើសល្អបំផុត ដើម្បីរុករកទម្រង់ជីវិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ៕

480×240 Banner